ទីក្រុងរ៉ាម៉ាឡា៖ យុវជនជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតរងរបួសក្នុងការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅទីក្រុងណាប្លូស ភាគខាងជើងតំបន់វ៉េសបេងកាលពីថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦ នេះបើតាមការលើកឡើងរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន។
សេចក្តីថ្លែងការណ៍របស់ក្រសួងមានខ្លឹមសារថា បុរសអាយុ២៦ឆ្នាំម្នាក់ឈ្មោះ ណាអ៊ីហ្វ សាម៉ារ៉ូ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវគ្រាប់ចំក្បាលក្នុងអំឡុងការវាយឆ្មក់របស់អ៊ីស្រាអែល។
ស្របពេលជាមួយគ្នានេះផងដែរ សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមការងាររបស់ខ្លួនបានព្យាបាលមនុស្ស ៤០នាក់ដែលបានស្រូបឧស្ម័នបង្ហូរទឹកភ្នែក ដែលក្នុងនោះមាន១០ករណីត្រូវសម្រាកព្យាបាលនៅមន្ទីពេទ្យ។
ប្រភពក្នុងស្រុក និងសាក្សីបានឃើញផ្ទាល់ភ្នែកបានប្រាប់អ្នកយកព័ត៌មានថា កងកម្លាំងអ៊ីស្រាអែលបានសម្រុកចូលទីក្រុងណាប្លូស និងបានវាយឆ្មក់លើហាងជាច្រើនកន្លែងចំពេលចរាចរណ៍មមាញឹក និងផ្លូវដែលមានមនុស្សច្រើនកុះករ នៅពេលមានការបាញ់គ្រាប់ពិត និងឧស្ម័នបង្ហូរទឹកភ្នែក។
ភាពតានតឹងបានកើនឡើងនៅទូទាំងតំបន់វ៉េសបេងចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
យោងតាមស្ថិតិរបស់ប៉ាឡេស្ទីនបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនប្រមាណជា ១.១០០នាក់ក្នុងនោះមានកុមារមិនតិចជាង២៣៥នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់វ៉េសបេងតាំងពីពេលនោះមក៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦









