ប្រទេសលីបង់៖ យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង១១នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅទូទាំងភាគខាងត្បូងប្រទេសលីបង់ នេះបើតាមប្រភពផ្លូវការពីលីបង់។
មនុស្ស ២នាក់ដែលគេស្គាល់ថាឈ្មោះ ហាសាន អ៊ីហ្សេឌីណេ ជាសមាជិកក្រុមប្រឹក្សាក្រុង និង ហ៊ូសេន មូហាម៉ាដ មូរ៉ាដ បានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមអាកាសរបស់អីស្រាអែលទៅលើផ្ទះមួយខ្នងនៅក្នុងទីក្រុងប្រាយកា នេះបើតាមភ្នាក់ងារសារព័ត៌មានជាតិលីបង់។
ការវាយប្រហារតាមអាកាសមួយផ្សេងទៀតទៅលើតំបន់អារ៉ាប់ សាលីម ក្នុងស្រុកណាបាទៀ បានសម្លាប់មនុស្សម្នាក់ និងបង្ករបួសស្នាមដល់មនុស្ស៣នាក់ក្នុងនោះមានក្មេងម្នាក់ផងដែរ។
នៅក្នុងទីក្រុងអាល់ម៉ាលីយ៉ា ស្រុកថាយភាគខាងត្បូង ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់កម្មករ៣នាក់ ក្នុងនោះមាន២នាក់ជាជនជាតិស៊ីរី និងម្នាក់ទៀតជាជនជាតិអេហ្ស៊ីប។ សាកសពរបស់ពួកគេត្រូវបានយកចេញពីកន្លែងកើតហេតុដោយក្រុមការងារកាកបាទក្រហមលីបង់ដោយមានការគាំទ្រពីកងទ័ពលីបង់។
មនុស្ស២នាក់ស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងកាឡាអូយ៉េ ស្រុកប៊ីនជេបែល។
ក្នុងស្រុកថាយ ការវាយប្រហារតាមអាកាសលើទីក្រុងស្រ៊ីហ្វា បង្ករបួសស្នាមដល់មនុស្ស ៥នាក់ រួមទាំងគ្រូពេទ្យសង្គ្រោះបន្ទាន់របស់អាជ្ញាធរសុខភាពឥស្លាមចំនួន៤នាក់ផងដែរ។
ទន្ទឹមនឹងនេះផងដែរ ក្រុមហេបូឡាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានបាញ់រ៉ូកែតដោយកំណត់គោលដៅលើរថយន្តយោធា និងទាហានអ៊ីស្រាអែលនៅក្បែរភ្នំអាល់សាឡា ក្នុងទីក្រុងកាតារ៉ា។ ហើយខ្លួនក៏បានបាញ់គ្រាប់រ៉ូកែតទៅលើចំណុចប្រមូលផ្តុំរថយន្តយោធា និងទាហានអ៊ីស្រាអែលនៅក្បែរសាលាមួយកន្លែងក្នុងភូមិហូឡាផងដែរ។
ការវាយប្រហារទាំងនេះនៅតែកើតឡើងបាន បើទោះបីជាមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ បន្ទាប់ពីការប៉ះទង្គិចគ្នាឆ្លងព្រំដែនជាច្រើនសប្តាហ៍ដែលជាប់ទាក់ទងនឹងជម្លោះអាមេរិក-អ៊ីស្រាអែលដែលកាន់តែរីករាលដាលធំឡើងជាមួយអ៊ីរ៉ង់៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦









