ហ្កាហ្សា៖ អាហ្សាម អាល់ហាយយ៉ា កូនប្រុសរបស់ ខាលីល អាល់ហាយយ៉ា មេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាសបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៦ ដោយសារមុខរបួសពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នេះបើយោងតាមប្រភពព័ត៌មានពីគ្រូពេទ្យប៉ាឡេស្ទីន។
ប្រភពបានប្រាប់ថា អាហ្សាម អាល់ហាយយ៉ា ស្លាប់ដោយសាររបួសធ្ងន់ធ្ងរពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើកន្លែងជួបជុំរបស់ជនជាតិប៉ាឡេស្ទីននៅកណ្តាលទីក្រុងហ្កាហ្សាកាលពីថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦។
អាហ្សាម ទទួលបានការព្យាបាលនៅមន្ទីពេទ្យបាទីស្ទក្នុងទីក្រុងហ្កាហ្សា ដែលក្រោយមកគ្រូពេទ្យបានប្រកាសថាគាត់បានស្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា។
ប្រភពពីយោធាអ៊ីស្រាអែលបានបញ្ជាក់នៅយប់ថ្ងៃពុធ ទី០៦ ខែឧសភា ថា កងទ័ពអ៊ីស្រាអែលបានកំណត់គោលដៅលើ អាហ្សាម អាល់ហាយយ៉ា។ គាត់គឺជាកូនប្រុសទី៤របស់ ខាលីល អាល់ហាយយ៉ា ដែលត្រូវបានតាមសម្លាប់ក្នុងប្រតិបត្តិការរបស់អ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្នុងសេចក្តីអត្ថាធិប្បាយខ្លីបន្ទាប់ពីកូនប្រុសស្លាប់ លោក ខាលីល អាល ហាយយ៉ា បាននិយាយថា “ការវាយប្រហារនេះគឺជាការពង្រីកការឈ្លានពានប្រឆាំងនឹងប្រជាជនរបស់យើងនៅគ្រប់ទីកន្លែង” ។ ហើយលោកបានចោទប្រកាន់អ៊ីស្រាអែលថាបានព្យាយាមដាក់សម្ពាធលើអ្នកចរចាប៉ាឡេស្ទីនតាមរយៈការកើនឡើងនៃប្រតិបត្តិការយោធា។
លោកបានព្រមានថា ការគំរាមកំហែងរបស់អ៊ីស្រាអែលដោយបានបង្កើនប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សាគឺមានបំណងបង្ខំមេដឹកនាំ និងអ្នកចរចាប៉ាឡេស្ទីនផ្តល់សម្បទាន៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦









