នីហ្សេរីយ៉ា៖ ភេរវករជាង៧០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាបន្តបន្ទាប់នៅកណ្តាលរដ្ឋនីហ្សេរបស់ប្រទេសនីហ្សេរីយ៉ាកាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ នេះបើតាមសម្តីយោធានិយាយនៅថ្ងៃចន្ទ ទី១១ ខែឧសភា ដោយបដិសេធរបាយការណ៍នៃការស្លាប់និងរបួសរបស់ជនស៊ីវិល។
ក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យយោធាលោក ម៊ីឆែល អូណូចា បាននិយាយថា ប្រតិបត្តិការផ្លូវអាកាសនៅក្នុងតំបន់រដ្ឋបាលស្ហីរ៉ូរ៉ូ រដ្ឋនីហ្សេ ត្រូវបានធ្វើឡើងដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់។
យោងតាមយោធាបានឲ្យដឹងថា ការវាយប្រហារទាំងនោះបានកំណត់គោលដៅលើទីតាំងមួយចំនួនដែលគេជឿថាត្រូវបានប្រើប្រាស់ដោយក្រុមប្រដាប់អាវុធនៅភូមិចំនួន៥ ក្នុងតំបន់នេះ។
លោក អូណូចា បាននិយាយថា តាមរបាយការណ៍ចារកម្ម និងព័ត៌មានពីអ្នកស្រុកបន្ទាប់ពីការវាយប្រហារនេះបានបង្ហាញថា សាកសពជនសង្ស័យភេរវករប្រមាណជាជាង៧០នាក់ត្រូវបានរៀបចំបញ្ចុះនៅក្នុងភូមិមួយក្នុងចំណោមភូមិទាំង៥នោះ នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦។
ខាងយោធាក៏បាននិយាយផងដែរថា ការឃ្លាំមើលពីលើអាកាសបានរកឃើញក្រុមប្រដាប់អាវុធប្រមាណជាជាង២០០នាក់ជិះម៉ូតូរត់គេចខ្លួនទៅភូមិក្បែរនោះ ដែលបង្ហាញពីការព្យាយាមបង្កើតក្រុមឡើងវិញដើម្បីវាយប្រហារលើសហគមន៍ដែលនៅជុំវិញនោះ និងកន្លែងសន្តិសុខ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ជនស៊ីវិលជាច្រើននាក់បានស្លាប់បាត់បង់ជីវិតក្នុងអំឡុងការវាយប្រហារតាមអាកាសនេះ។ លោក អូណូចា បានបដិសេធពីរបាយការណ៍ទាំងនេះ ដោយនិយាយថាការវាយប្រហារទាំងនោះមិនបានប៉ះពាល់ដល់ជនស៊ីវិលទេ ដោយសារតែអ្នកស្រុកនៃសហគមន៍គោលដៅបានផ្លាស់ទីលំនៅមុនពេល ប្រតិបត្តិការនេះ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦









