នីហ្សេរីយ៉ា៖ យ៉ាងហោចណាស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ២០នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរួមគ្នាដែលធ្វើឡើងដោយកងកម្លាំងនីហ្សេរីយ៉ា និងសហរដ្ឋអាមេរិក នៅរដ្ឋបូណូ ភាគឦសានប្រទេសនីហ្សេរីយ៉ា នេះបើតាមយោធានីហ្សេរីយ៉ានិយាយកាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦។
នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យយោធាលោក សាម៉ាឡា អ៊ូបា បាននិយាយថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងតំបន់មេតេឡេក្នុងរដ្ឋបូណូ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មដែលកំពុងបន្តនៅក្នុងតំបន់។
លោក អ៊ូបា បាននិយាយថាការវាយប្រហារទាំងនេះបានកើតឡើងបន្ទាប់ពីការសម្លាប់លោកអាប៊ុប៊ីឡាល់ អាល់មីនុគី ដែលខាងយោធាបានពណ៌នាថាមេបញ្ជាការលំដាប់ទី២របស់ក្រុម IS។
យោងតាមសេចក្តីថ្លែងការណ៍ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្នុងភាពជាដៃគូប្រឆាំង
ភេរវកម្ម និងការចែករំលែកព័ត៌មានស៊ើបអង្កេតរវាងនីហ្សេរីយ៉ា និងសហរដ្ឋអាមេរិក ដែលមានគោលបំណងកម្ទេចបណ្តាញភេរវករដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់។
យោធាបាននិយាយថា ការវាយប្រហារទាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីការឃ្លាំមើលពីផ្កាយរណបរកឃើញថាមានការប្រមូលផ្តុំ និងការចល័តរបស់ពួកសកម្មប្រយុទ្ធ។ ប្រតិបត្តិការដែលកំពុងបន្តគឺមានគោលបំណងធ្វើឱ្យបណ្តាញភេរវករចុះខ្សោយ និងគ្មានទីជម្រកសុវត្ថិភាពនៅក្នុងប្រទេសនីហ្សេរីយ៉ា។
បញ្ជាការដ្ឋានអាមេរិកប្រចាំនៅទ្វិបអាហ្រ្វិកបានបញ្ជាក់កាលពីថ្ងៃចន្ទថា ដោយមានកិច្ចសហប្រតិការជាមួយរដ្ឋាភិបាលនីហ្សេរីយ៉ា កងកម្លាំងអាមេរិកបានធ្វើការវាយប្រហារតាមអាកាសបន្ថែមប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅភាគឦសានប្រទេសនីហ្សេរីយ៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍ បញ្ជាការដ្ឋានអាមេរិកប្រចាំនៅទ្វិបអាហ្រ្វិកនិយាយថា ព័ត៌មានចារកម្មបានបញ្ជាក់ថាគោលដៅដែលបានវាយប្រហារទាំងនោះគឺជាពួក IS ។ មិនមានមន្ត្រីខាងអាមេរិកឬនីហ្សេរីយ៉ា ណាម្នាក់រងរបួសក្នុងអំឡុងប្រតិបត្តិការនេះទេ ហើយការវាយតម្លៃបន្ថែមកំពុងដំណើរការ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦









