មន្ត្រីមកពីនាយកដ្ឋានប្រឆាំងភេរវកម្មរបស់ប៉ូលិសអ៊ីស្តង់ប៊ុលបានបើកប្រតិបត្តិការវាយឆ្មក់ជាបន្តបន្ទាប់នៅថ្ងៃព្រហស្បតិ៍ ទៅលើ១២៤ទីតាំង និងបានបាប់ឃុំខ្លួនជនសង្ស័យជាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជាង១០០នាក់ដែលត្រូវបានចោទប្រកាន់ថាបានរៀបចំផែនការភេរវកម្មប្រឆាំងនឹងថ្ងៃពិធីបុណ្យណូអែល និងថ្ងៃបុណ្យចូលឆ្នាំ។
ការិយាល័យអយ្យការសាធារណៈជាន់ខ្ពស់របស់អ៊ីស្តង់ប៊ុលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមអាជ្ញាធរបានទទួលព័ត៌មានពីការបញ្ចេញសកម្មភាពរបស់អង្គភាពជ្រុលនិយម ជាពិសេសសកម្មភាពដែលប្រឆាំងនឹងអ្នកដែលមិនមែនជាជនជាតិមូស្លីមអំឡុងពេលថ្ងៃបុណ្យណូអែល និងបុណ្យចូលឆ្នាំ។
ការិយាល័យអយ្យការបានចេញដីកាចាប់ជនសង្ស័យ១៣៧នាក់ ដែលក្នុងនោះ មាន ១១៥នាក់ត្រូវបានឃុំខ្លួន។ ក្រុមមន្ត្រីថែមទាំងបានរឹបអូសអាវុធជាច្រើនដើម បង់កាំភ្លើង និងឯកសាររចនាសម្ព័ន្ធជាច្រើនអំឡុងពេលប្រតិបត្តិការទាំងនោះ។
ប្រទេសទួកគីមានព្រំដែនជាប់ប្រទេសស៊ីរីប្រវែង៩០០គីឡូម៉ែត្រ ជាកន្លែងដែលក្រុមជីហាដនៅតែបន្តមានសកម្មភាពយ៉ាងសកម្ម។
ចាប់តាំងពីការដួលរលំនៃ “រដ្ឋកាលីហ្វេត” ដែលប្រកាសខ្លួនឯងក្នុងឆ្នាំ ២០១៩មក មានសមាជិកមួយចំនួនដែលសង្ស័យថាជាសមាជិករបស់ពួក ISIS បានទៅស្នាក់នៅក្នុងប្រទេសតួកគី។
កាលពីថ្មីៗនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានស្តីបន្ទោសលើជនប្រដាប់អាវុធម្នាក់របស់ពួក ISIS ចំពោះការវាយប្រហារនៅក្នុងទីក្រុងផាលមីរ៉ា ប្រទេសស៊ីរី កាលពីថ្ងៃទី១៣ ខែធ្នូ ដែលបណ្តាលឱ្យទាហានអាមេរិក២នាក់ និងជនជាតិអាមេរិកម្នាក់ស្លាប់។
នៅក្នុងសប្តាហ៍នេះ ភ្នាក់ងារស៊ើបអង្កេតទួកគីថែមទាំងបានធ្វើប្រតិបត្តិការនៅតំបន់ព្រំដែនរវាងប្រទេសអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ដើម្បីចាប់ខ្លួនជនជាតិតួកគីម្នាក់ដែលគេបាននិយាយថាមានតួនាទីខ្ពស់នៅក្នុងក្រុម ISIS ។
នៅពេលដែលចាប់ខ្លួន លោកមេហមិត ហ្ក័រិន ត្រូវបានបញ្ជូនទៅកាន់ប្រទេសតួកគី ដោយចោទប្រកាន់ពីបទរៀបចំការវាយប្រហារអត្តឃាតដែលមានគោលដៅលើក្រុមជនស៊ីវិលនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ប្រទេសប៉ាគីស្ថាន ប្រទេសតួកគី និងសហភាពអឺរ៉ុប។
គួរំលឹកផងដែរថា ប្រទេសតួកគីរងការវាយប្រហារធំៗជាច្រើន ដែលត្រូវបានអះអាងដោយពួក ISIS ក្នុងនោះរួមមានការវាយប្រហារមួយទៅលើព្រះវិហារកាតូលិកក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃបុណ្យបួងសួងកាលពីខែមករា ឆ្នាំ២០២៤ និងការបាញ់ប្រហារនៅក្លឹបរាត្រី កាលពីឆ្នាំ២០១៧ ដែលបានសម្លាប់មនុស្សជាច្រើននាក់៕
ប្រភព timesofisrael ចុះផ្សាយថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥









