ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបាននិយាយថា គ្រាប់បែកមួយគ្រាប់ដែលត្រូវបានបង្កប់ក្នុងរទេះរអូសបានផ្ទុះឡើងក្នុងផ្សារបាហ្សា នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ ទី១២ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩នាក់ និង១២នាក់ផ្សេងទៀតរងរបួស ហេតុការណ៍នេះជាសញ្ញាចុងក្រោយមួយនៃអំពើហិង្សាដែលកំពុងការកើនឡើងក្នុងតំបន់ជាប់ព្រំដែនជាមួយអាហ្វហ្កានីស្ថាន។
លោក អាហ្សម៉ាត អ៊ុលឡាហ ប្រធានប៉ូលិសស្រុកបាននិយាយថា ការវាយប្រហារបានកើតឡើងនៅក្នុងស្រុក ឡាគី ម៉ារវ៉ាត នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ លោកបានបន្ថែមថា មន្ត្រីប៉ូលិសចរាចរណ៍២នាក់ និងស្ត្រីម្នាក់ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់។
លោក អ៊ុលឡាហ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ប៉ុន្តែលោកបាននិយាយថា មន្ត្រីប៉ូលិសចរាចរណ៍ទំនងគឺជាគោលដៅនៃការវាយប្រហារ។ ការផ្ទុះគ្រាប់បែកក៏បំផ្លាញហាងជាច្រើននៅក្បែរនោះ។ លោកបាននិយាយថា អ្នកស្លាប់ និងអ្នករបួសភាគច្រើនគឺជាអ្នកដំណើរឆ្លងកាត់ទីនោះ។
ពុំមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះទេ។
ការវាយប្រហារបែបនេះជាញឹកញាប់ត្រូវបានទម្លាក់ការសង្ស័យលើក្រុមតាលីបង់ប៉ាគីស្ថាន ដែលគេស្គាល់ថាជា Tehrik-e-Taliban Pakistan (TTP) ដែលបានបង្កើនយុទ្ធនាការរបស់ពួកគេប្រឆាំងនឹងកម្លាំងសន្តិសុខប៉ាគីស្ថាននៅរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ក្រុមនេះបានបំបែកខ្លួនពីរដ្ឋាភិបាលតាលីបង់អាហ្វហ្កានីស្ថាន ប៉ុន្តែមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលតាលីបង់។
ទោះជាយ៉ាងណា ក្រុមតាលីបង់ប៉ាគីស្ថានបានបដិសេធថាមិនមានពាក់ព័ន្ធនឹងការវាយប្រហារនៅថ្ងៃអង្គារ ទី១២ ទេ ដោយអះអាងក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានដឹងពីហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត តែពួកគេមិនបានស្ថិតនៅក្រោយការវាយប្រហារនេះទេ។
ការវាយប្រហារចុងក្រោយបានកើតឡើងបន្ទាប់ពីក្រុមមន្ត្រីប៉ូលិស១៥នាក់ត្រូវបានសម្លាប់ក្នុងហេតុការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត និងការបាញ់ប្រហារលើបុស្ត៍ល្បាតសន្តិសុខនៅក្បែរស្រុកបាននូ នៅថ្ងៃសៅរ៍ ដែលជំរុញឱ្យអ៊ីស្លាម៉ាបាដកោះហៅអ្នកការទូតជាន់ខ្ពស់អាហ្វហ្កានីស្ថានដាក់ពាក្យបណ្តឹងជាផ្លូវការ។
ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ បានចោទប្រកាន់ថា ការវាយប្រហារនោះត្រូវបានប្រព្រឹត្តដោយក្រុមតាលីបង់ប៉ាគីស្ថាន ដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន។
នៅថ្ងៃអង្គារ ទី១២ ខែឧសភា អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក ហ្សាប៊ីហូឡាហ ម៊ូចាហ៊ីដ បានបង្ហោះសារលើបណ្តាញសង្គម X ដោយបដិសេធការចោទប្រកាន់របស់ប៉ាគីស្ថានថា ការវាយប្រហារកាលពីពេលថ្មីៗនេះក្នុងស្រុកបាននូ ត្រូវបានរៀបចំឡើងក្នុងប្រទេសអាហ្វហ្កានីស្ថាន ហើយបានហៅការចោទប្រកាន់នោះថា គ្មានមូលដ្ឋាន។
លោកបាននិយាយថា “អ៊ីស្លាមអឺមីរ៉ាតនៃប្រទេសអាហ្វហ្កានីស្ថានជឿថា បញ្ហានឹងអាចត្រូវបានដោះស្រាយតាមរយៈការយោគយល់គ្នា ការគោរពគ្នា និងកិច្ចសហប្រតិបត្តិការពិតប្រាកដ ជាជាងការចោទប្រកាន់គ្នា គំរាមកំហែង និងប្រតិកម្មអារម្មណ៍”។ លោកម៉ាចាហ៊ីដបានបញ្ជាក់ថា ក្រុងកាប៊ុលនៅតែប្រកាន់គោលជំហរថា ទឹកដីអាហ្វហ្កានីស្ថាននឹងមិនត្រូវបានប្រើដើម្បីប្រឆាំងនឹងប្រទេសណាមួយទេ និងគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតិឱ្យចូលរួមក្នុងសកម្មភាពនានាដែលបំផ្លាញសន្តិសុខ និងស្ថេរភាពក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ស្ហិនបាហ្ស ស្ហារីហ្វ បានថ្កោលទោសនៅក្នុងការវាយប្រហារកាលពីថ្ងៃអង្គារ ទី១២ និងបានចូលរួមរំលែកទុកដល់គ្រួសាររបស់ជនរងគ្រោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកមានប្រសាសន៍ថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបានតាំងចិត្តដើម្បីលុបបំបាត់អំពើរភេរវកម្ម និងមិនអនុញ្ញាតិឱ្យពួកសកម្មប្រយុទ្ធរារាំងសន្តិភាព និង ការអភិវឌ្ឍនៅក្នុងប្រទេសឡើយ។ លោកបានដឹកនាំក្រុមអាជ្ញាធរដើម្បីបញ្ចប់ការស៊ើបអង្កេតឆាប់ៗ ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលត្រូវមកទទួលខុសត្រូវ និងធានាថាជនល្មើសនឹងត្រូវនាំមកកាត់ទោស។
អាជ្ញាធរប៉ាគីស្ថានជាយូរមកហើយបានចោទប្រកាន់រដ្ឋាភិបាលតាលីបង់របស់អាហ្វហ្កានីស្ថានថាបានផ្តល់ជម្រកដល់ពួកសកម្មប្រយុទ្ធ។ ទីក្រុងកាប៊ុលបានបដិសេធចំពោះការចោទប្រកាន់នេះ ដោយអះអាងថា ពួកគេមិនអនុញ្ញាតិឱ្យពួកសកម្មប្រយុទ្ធប្រើទឹកដីអាហ្វហ្កានីស្ថាន ដើម្បីបើកការវាយប្រហារប្រឆាំងនឹងប្រទេសនានានោះទេ។
សូមបញ្ជាក់ផងដែរថា ប្រទេសប៉ាគីស្ថានបានប្រឈមនឹងការកើនឡើងនៃអំពើហិង្សារបស់ពួកសកម្មប្រយុទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានធ្វើឲ្យទំនាក់ទំនងជាមួយប្រទេសអាហ្វហ្កានីស្ថានមានភាពប្រេះឆា។
ពួកតាលីបង់ប៉ាគីស្ថាន និងពួកសកម្មប្រយុទ្ធផ្សេងទៀតបានរីកចម្រើនកាន់តែខ្លាំងចាប់តាំងពីពួកតាលីបង់អាហ្វហ្កានីស្ថានបានត្រលប់មកកាន់អំណាចវិញក្នុងក្រុងកាប៊ុលកាលពីឆ្នាំ២០២១។
គួរំលឹកផងដែរថា ភាពតានតឹងរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថានបានបន្តកើនឡើង ក្នុងនោះរួមមានទាំងការប្រយុទ្ធដែលបានសម្លាប់នុស្សរាប់រយនាក់ចាប់តាំងពីចុងខែកុម្ភៈ។ កាលពីដើមខែមេសា ភាគីទាំងពីរបានធ្វើកិច្ចចរចាសន្តិភាពដោយមានការអន្តរាគមន៍ពីប្រទេសចិន។ ទោះជាយ៉ាងណា ការប៉ះទង្គិចឆ្លងដែនជាញឹកញាប់បានបន្តកើតឡើង ទោះបីជាមានកម្រិតស្រាលតិចជាងមុន៕
ប្រភព apnews ចុះផ្សាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦









