ភេរវករ៤នាក់ស្លាប់ក្នុងប្រតិបត្តិការនៅក្នុងប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ប្រភពសន្តិសុខបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ថា កម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ៤នាក់ ក្នុងនោះមានមេបញ្ជាការពួកសកម្មប្រយុទ្ធសំខាន់ម្នាក់ក្នុងអំឡុងប្រតិបត្តិការដែលផ្អែកលើព័ត៌មានស៊ើបការណ៍ ក្នុងខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកណ័ស វ៉ារ៉ីស្ថាន បន្ទាប់ពីមានរបាយការណ៍សម្ងាត់អំពីវត្តមានរបស់ក្រុមភេរវករនៅក្នុងតំបន់។

ប្រភពបានបន្ថែមថា មេបញ្ជាការដែលស្លាប់នោះគឺមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារជាច្រើនលើកលើកម្លាំងសន្តិសុខ និងក្រុមជនស៊ីវិល និងបានកាន់កាប់ប្រាក់ប្រមាណជា១០,៧០០ដុល្លារ។

ប្រភពបានបញ្ជាក់បន្ថែមថា មេបញ្ជាការពួកសកម្មប្រយុទ្ធបានបង្កើតលេណដ្ឋានក្រោមដី ផ្លូវរូងក្រោមដី និងគ្រឿងផ្ទុះបង្កប់នៅក្នុងស្រុកដើម្បីជួយដល់សកម្មភាពក្រុមភេរវករ និងគេចពីប្រតិបត្តិការសន្តិសុខនានា។ អាវុធ និងគ្រឿងផ្ទុះជាច្រើន ត្រូវបានរកឃើញពីក្រុមសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់ អំឡុងពេលប្រតិបត្តិការ។

កម្លាំងសន្តិសុខប៉ាគីស្ថានបានបង្កើនប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតនៅស្រុកកុលសម្ព័ន្ធភាគពាយ័ព្យនៃប្រទេសក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បន្ទាប់ពីមានកំណើននៃការវាយប្រហារដោយពួកសកម្មប្រយុទ្ធដែលកំណត់គោលដៅលើបុគ្គលិក និងជនស៊ីវិល៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here