ភេរវករ២២នាក់ស្លាប់ក្នុងប្រតិបត្តិការយោធានៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ កម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ២២នាក់ក្នុងអំឡុងប្រតិបត្តិការដែលផ្អែកលើព័ត៌មានស៊ើបការណ៍ នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមយោធានិយាយកាលពីថ្ងៃអង្គារ។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះគឺត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ក្នុងតំបន់ស្ហេវ៉ា នៅស្រុកណ័ស វ៉ារ៉ីស្ថាន បន្ទាប់ពីទទួលបានរបាយការណ៍ស្តីពីវត្តមានរបស់ក្រុមភេរវករ។

សេចក្តីថ្លែងការណ៍មានខ្លឹមសារថា អំឡុង​ពេល​មាន​ការ​បាញ់គ្នា​យ៉ាង​ខ្លាំងក្លា​ក្នុង​រយៈពេល​២៤​ម៉ោង​កន្លង​មក​នេះ​ កងទ័ពបានចូលទៅដល់ទីតាំងរបស់ក្រុមភេរវករ និងបានសម្លាប់សមាជិករបស់ពួកគេ២២នាក់។

អាវុធ និងគ្រាប់រំសេវជាច្រើនត្រូវបានរឹបអូសពីក្រុមភេរវករដែលត្រូវបានសម្លាប់ ពួកគេធ្លាប់មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារជាច្រើននៅក្នុងតំបន់ នេះបើតាមប្រភព ISPR។

ខាងយោធាបានបញ្ជាក់ថា ពួកភេរវករបានប្រើប្រាស់ប្រជាជនក្នុងស្រុកជាខែលការពារដើម្បីធានាឲ្យមានការឆ្លងកាត់ដោយសុវត្ថិភាព ហើយយោធាក៏បានចាត់ទុកសកម្មភាពនេះជារឿងគួរឲ្យថ្កោលទោស។

 សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ប្រតិបត្តិការសម្អាតគឺកំពុងបន្តនៅក្នុងតំបន់ដើម្បីកម្ចាត់ពួកភេរវករដែលនៅសេសសល់៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here