ហ្កាហ្សា៖ ជនជាតិប៉ាឡេស្ទីន២នាក់ ក្នុងនោះមានក្មេងម្នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្ស២០នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើជំរំជនភៀសខ្លួននៅភាគខាងត្បូងទីក្រុងហ្កាហ្សាកាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦។
លោក ម៉ាម៉ួដ បាសាល អ្នកនាំពាក្យកងកម្លាំងការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា បានប្រាប់អ្នកយកព័ត៌មានថា ឈ្មោះ ហាណាន ម៉ាម៉ួដ អាយុ៣១ឆ្នាំ និងក្មេងអាយុ៦ឆ្នាំ ឈ្មោះ មិនណា អាប៊ូឡាបដា ស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមកលើ “ជំរំហ្គេត” ក្នុងតំបន់អាល់ម៉ាវ៉ាស៊ី ភាគខាងលិចទីក្រុងខានយូនីស។
លោក បាសាល និយាយថាមនុស្ស២០នាក់ផ្សេងទៀតក្នុងនោះមានកុមារ និងស្រ្តីជាច្រើននាក់រងរបួសក្នុងការវាយប្រហារនេះ ហើយពួកគេទាំងនោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីព្យាបាល។
សាក្សីដែលបានឃើញហេតុការណ៍បានរាយការណ៍ថា ឧទ្ធម្ភាគចក្ររបស់អ៊ីស្រាអែលបានបាញ់មីស៊ីលចំនួន២គ្រាប់ទៅលើតង់នៅក្នុងជំរំបណ្តាលឲ្យមានការខូចខាត និងឆេះតង់ជាច្រើន ហើយបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។
នៅក្នុងហេតុការណ៍ដាច់ដោយឡែកមួយផ្សេងទៀត ជនជាតិប៉ាឡេស្ទីន២នាក់រងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើផ្ទះរបស់គ្រួសារបាស្ហីធី នៅក្នុងជំរំជនភៀសខ្លួនម៉ាហ្កាហ្ស៊ី ភាគកណ្តាលតំបន់ហ្កាហ្សា នេះបើតាមសេចក្តីថ្លែងការណ៍របស់មន្ទីពេទ្យ អាល់អាកសា។
នៅថ្ងៃចន្ទដដែលនេះ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលនៅហ្កាហ្សាបានព្រមានថា គ្រោះមហន្តរាយមនុស្សធម៌នៅតំបន់ហ្កាហ្សាកាន់តែធ្លាក់ចុះដល់កម្រិតដែលមិនធ្លាប់មានពីមុនមក ដោយសារតែការរារាំងការដឹកជញ្ជូនជំនួយរបស់អ៊ីស្រាអែល។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនិយាយថា តំបន់នេះកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ ហើយកាន់តែអាក្រក់ទៅៗ ចំពេលការដួលរលំនៃសន្តិសុខស្បៀងរីករាលដាលយ៉ាងទូលំទូលាយ ដែលបង្កឡើងពីការរឹតបន្តឹងរបស់អ៊ីស្រាអែលនៅតែបន្តលើការនាំចូលទំនិញសំខាន់ៗ និងការរំខានដល់លំហូរជំនួយមនុស្សធម៌ និងពាណិជ្ជកម្ម។
យោងតាមអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្កាហ្សាបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនចំនួន៩០៤នាក់ត្រូវបានសម្លាប់ និង២.៧១៣នាក់ផ្សេងទៀតរងរបួសចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាននៅខែតុលា ឆ្នាំ២០២៥៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦










