ប្រទេសលីបង់៖ អាជ្ញាធរលីបង់បានបញ្ជាក់ថា ក្រុមហេបូឡាបានយល់ព្រមជាមួយអាមេរិកលើសំណើរ “បញ្ឈប់វាយប្រហារគ្នា” ជាមួយអ៊ីស្រាអែល នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីលីបង់នៅថ្ងៃចន្ទ ទី០១ ដែលបានដកស្រង់ខ្លឹមសារព័ត៌មានពីស្ថានទូតលីបង់ប្រចាំទីក្រុងវ៉ាស្ហីនតោន។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ការអះអាងនេះត្រូវបានធ្វើឡើងតាមរយៈការហៅទូរស័ព្ទរវាងលោកប្រធានធិបតីលីបង់ចូសេប អោន និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ាក្រូ រ៉ូប៊ី ក្នុងអំឡុងពេលកិច្ចពិភាក្សាអំពីស្ថានភាពនៅប្រទេសលីបង់ និងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង។
បើយោងតាមស្ថានទូតបានឱ្យដឹងថា សំណើរបស់សហរដ្ឋអាមេរិកបានអំពាវនាវឲ្យមានការ បញ្ឈប់ការវាយប្រហារដោយសងសឹករវាងភាគីទាំងពីរ។
ក្រោមការរៀបចំដែលបានដាក់ស្នើឡើងនេះ ការវាយប្រហារតាមអាកាសអ៊ីស្រាអែលទៅលើជាយក្រុងនៅភាគខាងត្បូងទីក្រុងបេរូតនឹងត្រូវបានបញ្ឈប់ជាថ្នូរជាមួយនឹងការលុបចោលការវាយប្រហាររបស់ក្រុមហេបូឡាប្រឆាំងនឹងអ៊ីស្រាអែល។ ក្របខ័ណ្ឌនៃការឈប់បាញ់នឹងត្រូវពង្រីកបន្ថែមនៅពេលបន្ទាប់មកទៀតដើម្បីអនុវត្តទៅលើទឹកដីលីបង់ទាំងមូល។
ស្ថានទូតបានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្រោយមកទៀតបានជូនដំណឹងដល់ឯកអគ្គរដ្ឋទូតលីបង់ប្រចាំសហរដ្ឋអាមេរិកលោក ណាដា ហាម៉ាដេហ ម៉ូវ៉ាដ ថា លោកទទួលបានការអនុម័តពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហូ ចំពោះ សំណើរនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា លោកម៉ូវ៉ាដបានជូនដំណឹងអំពីលទ្ធផលនេះទៅកាន់លោកអូន ហើយលោក អូន ក៏បានជូនដំណឹងអំពីការវិវឌ្ឍនេះបន្តដល់ក្រុមហេបូឡា ផងដែរ។
ខាងស្ថានទូតបានបន្ថែមថា កិច្ចប្រជុំចរចាដែលគ្រោងធ្វើនៅថ្ងៃអង្គារ និងថ្ងៃពុធ គឺរំពឹងថានឹងបន្តអភិវឌ្ឍលើដំណើរការដែលទទួលបាន។
នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនានេះ លោកណេតាន់យ៉ាហូ និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកកាតហ្ស បាននិយាយថា ពួកគេបានបញ្ជាឱ្យវាយប្រហារតាមអាកាសទៅលើតំបន់ជាយក្រុងបេរូត ដាហៀ ដែលត្រូវបានចាត់ទុកថាជាមូលដ្ឋានដ៏សំខាន់របស់ក្រុមហេបូឡា ចំពេលមានការបាញ់គ្រាប់រ៉ូកែត និងយន្តហោះគ្មានមនុស្សបើកដោយក្រុមហេបូឡាទៅកាន់ទីតាំងយោធាអ៊ីស្រាអែល។
កម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទ ទី០១ ខែមិថុនា ថា វេជ្ជបណ្ឌិតយោធាអ៊ីស្រាអែលត្រូវបានសម្លាប់ និងទាហាន ៧នាក់រងរបួសដោយយន្តហោះគ្មានមនុស្សបើក ២គ្រឿងដែលក្រុមហេបូឡាបានបំផ្ទុះក្នុងពេលតែមួយ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦










