ប្រទេសអ៊ីរ៉ាក់៖ កងកម្លាំងចលនាប្រជាជននៃកងទ័ពប៉ារ៉ារបស់អ៊ីរ៉ាក់បានឲ្យដឹងនៅព្រឹកថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS) ៣នាក់ក្នុងនោះមានទាំងមេដឹកនាំក្នុងតំបន់ដ៏លេចធ្លោម្នាក់ ត្រូវបានសម្លាប់អំឡុងពេលប្រតិបត្តិការមួយនៅខេត្តនីនេវ៉េ ភាគខាងជើងប្រទេសអ៊ីរ៉ាក់។
យោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងចលនាប្រជាជនមានខ្លឹមសារថាកងពលតូចទី៦០ បានធ្វើសកម្មភាពនៅក្នុងតំបន់ខ្សាច់អាល បាច នៅភាគខាងលិចនៃខេត្តដើម្បីសងសឹកចំពោះការស្លាប់របស់កងទ័ពប្រឆាំងភេរវកម្មអ៊ីរ៉ាក់។
កងកម្លាំងចលនាប្រជាជនបានបញ្ជាក់ទៀតថា មនុស្សម្នាក់ដែលត្រូវបានសម្លាប់គឺជាមេដឹកនាំក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS ដែលទទួលខុសត្រូវចំពោះការដឹកជញ្ជូនរបស់ក្រុមនៅក្នុងតំបន់ហាតត្រា និងតំបន់អាល បាច។
នៅថ្ងៃទី២៤ ខែមិថុនា ភ្ញាក់ងារប្រឆាំងភេរវកម្មអ៊ីរ៉ាក់ (CTS) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា សមាជិករបស់ខ្លួន៣នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀតរងរបួសដោយគ្រាប់បែកកែច្នៃ (IED) ដែលបង្កប់ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងខេត្តនីនេវ៉េ។
បន្ទាប់ពីអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS នៅឆ្នាំ២០១៧ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បន្តការវាយប្រហារមកលើកងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅតាមតំបន់ទីក្រុង វាលខ្សាច់ និងតំបន់ដាច់ស្រយាល។ ចាប់តាំងពីពេលនោះមក អាជ្ញាធរបានបង្កើនយុទ្ធនាការតាមផ្លូវអាកាស និងផ្លូវគោកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS៕
ប្រភព Xinhua ចុះផ្សាយឡើងវិញ០៤ ខែមិថុនា ឆ្នាំ២០២៦










