ប្រទេសប៉ាគីស្ថាន៖ ក្រុមសកម្មប្រយុទ្ធ ៥នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការមួយដោយផ្អែកលើព័ត៌មានសម្ងាត់ ដែលធ្វើឡើងដោយនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) នៅខេត្តផុនចាប ភាគខាងកើតប្រទេសប៉ាគីស្ថាន នេះបើតាមប្រភពផ្លូវការដែលទទួលបានកាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦។
អ្នកនាំពាក្យនៃនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) បានឱ្យដឹងថា ប្រតិបត្តិការនេះគឺត្រូវបានធ្វើឡើងនៅក្នុងតំបន់ព្រំដែននៃស្រុកអាតថុក បន្ទាប់ពីទទួលបានរបាយការណ៍ស៊ើបការណ៍សម្ងាត់ដែលបង្ហាញថា ពួកសកម្មប្រយុទ្ធនោះកំពុងរៀបចំផែនការដើម្បីវាយប្រហារនៅក្នុងខេត្ត។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមជនសង្ស័យបានបើកការបាញ់ប្រហារលើក្រុម CTD ដែលជាហេតុបង្កឲ្យមានការផ្ទុះអាវុធតបតគ្នា ហើយក្នុងការប៉ះទង្គិចប្រដាប់អាវុធនោះ ពួកសកម្មប្រយុទ្ធទាំង ៥នាក់ត្រូវបានសម្លាប់។ ហើយក្នុងហេតុការណ៍នោះ អាវុធ គ្រឿងផ្ទុះ និងគ្រាប់បែកដៃ ត្រូវបានរឹបអូសពីទីតាំងកើតហេតុផងដែរ។
ប្រតិបត្តិការស្រាវជ្រាវគឺបន្តនៅក្នុងតំបន់ដើម្បីតាមចាប់ជនដែលមានការពាក់ប័ន្ធនឹងការវាយប្រហារ និងជនសង្ស័យដែលអាចនឹងរត់គេចខ្លួន ខណៈដែលកិច្ចខិតខំប្រឹងប្រែងគឺកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណពួកសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់។
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ស្ហិនបាហ្ស ស្ហារីហ្វ បានកោតសរសើរដល់ក្រុមការងារនៃនាយកដ្ឋានប្រឆាំងភេរវកម្មចំពោះប្រតិបត្តិការដែលទទួលបានជោគជ័យ ដោយលោកបានលើកឡើងថា កម្លាំងសន្តិសុខ ប៉ូលិស និងនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD)ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។
លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលដើម្បីលុបបំបាត់អំពើរភេរវកម្មចេញពីប្រទេស នេះបើតាមសេចក្តីថ្លែងការណ៍ចេញពីការិយាល័យនាយករដ្ឋមន្ត្រី៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦










