Saturday, July 11, 2026

ស្លាប់មនុស្សប្រមាណ៩៦នាក់ក្នុងប្រតិបត្តិការសន្តិសុខចំនួន៣លើកនៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យ៉ាងហោចណាស់ភេរវករ៥៤នាក់ និងមនុស្ស៤២នាក់ផ្សេងទៀត ក្នុងនោះមានប៉ូលិស ទាហាន និងជនស៊ីវិលត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាយ៉ាងកក្រើកចំនួន៣លើករវាងកងកម្លាំងសន្តិសុខ និងពួកសកម្មប្រយុទ្ធនៅទូទាំងខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថានក្នុងរយៈពេល៤ថ្ងៃកន្លងទៅ នេះបើតាមយោធាប៉ាគីស្ថាននិយាយកាលពីថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២៦។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អគ្គនាយកនៃអង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ឧត្តមសេនីយ៍ឯក អាមិដ ស្ហារ៉ីហ្វ ឆូឌ្រី (Ahmed Sharif Chaudhry) បាននិយាយថា ការវាយប្រហារទាំងនេះបានកំណត់គោលដៅលើក្បួនរថយន្តកងទ័ព បុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស និងប្រជាពលរដ្ឋនៅក្នុងឧបទ្វហេតុផ្សេងៗគ្នា ស្របពេលដែលកម្លាំងសន្តិសុខបានបើកប្រតិបត្តិការតាមដានប្រឆាំងនឹងអ្នកវាយប្រហារ។

លោក ឆូឌ្រី និយាយថា ការវាយប្រហារយ៉ាងឃោឃៅទៅលើកម្លាំងសន្តិសុខបានកើតឡើងនៅលើផ្លូវហាយវេ N-25 ជាកន្លែងដែលពួកសកម្មប្រយុទ្ធរបស់កងទ័ពរំដោះបាឡូច (BLA) ដែលគេហាមឃាត់ បានវាយប្រហារលើក្បួនរថយន្តរបស់កងទ័ពសម្លាប់ទាហាន១១នាក់។ កងកម្លាំងសន្តិសុខបានវាយបកទប់ទល់វិញ ហើយបានសម្លាប់ពួកសកម្មប្រយុទ្ធ១៤នាក់ក្នុងពេលកំពុងប្រយុទ្ធគ្នា។

លោកបានបន្ថែមថា ប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតនៅក្នុងស្រុកខារ៉ាន (Kharan) និងស្រុកដាលបានឌីន (Dalbandin) បានសម្លាប់ពួកសកម្មប្រយុទ្ធ១៤នាក់ផ្សេងទៀត ដែលនេះគឺជាផ្នែកមួយនៃការឆ្លើយតបរបស់យោធាទៅនឹងការវាយប្រហារថ្មីៗនៅក្នុងខេត្តនេះ។

នៅក្នុងឧបទ្វហេតុមួយផ្សេងទៀត ពួកសកម្មប្រយុទ្ធបានបើកប្រតិបត្តិការដែលលោក ឆូឌ្រី បានពិពណ៌នាថាជា “ការវាយប្រហារជាច្រើនទិស” ទៅលើបុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសដែលឈរជើងការពារទំនប់ទឹកក្នុងស្រុកហ្ស៊ីរ៉ាត (Ziarat)។ លោកបាននិយាយថា ប៉ូលិសបានវាយបកវិញសម្លាប់ពួកសកម្មប្រយុទ្ធ១៥នាក់ មុនពេលអ្នកវាយប្រហារគ្រប់គ្រងប៉ុស្តិ៍ត្រួតពិនិត្យ ហើយចាប់មន្ត្រីដែលនៅមានជីវិតជាចំណាប់ខ្មាំង។

លោកបានបន្ថែមថា យ៉ាងហោចណាស់ប៉ូលិស៩នាក់ក៏ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយនេះផងដែរ។

កម្លាំងបន្ថែមរបស់កងទ័ព និងកងវរសេនាធំព្រំដែន រួមជាមួយភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀតត្រូវបានបញ្ជូនចេញភ្លាមៗ ហើយបានបើកប្រតិបត្តិការមួយដើម្បីឡោមព័ទ្ធពួកសកម្មប្រយុទ្ធនៅក្នុងតំបន់ភ្នំហ្ស៊ីរ៉ាត ជាកន្លែងដែលការប្រយុទ្ធគ្នាបានបន្តចាប់តាំងពីថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២៦។

លោក ឆូឌ្រី បានបន្ថែមថា ប៉ូលិសសរុបចំនួន១៨នាក់ និងភេរវករ១១នាក់ត្រូវបានសម្លាប់​ក្នុងប្រតិបត្តិការជាបន្តបន្ទាប់នេះ។

អ្នកនាំពាក្យយោធាក៏បាននិយាយផងដែរថា នៅចន្លោះយប់ថ្ងៃទី៤ និងទី៥ ខែកក្កដា ពួកសកម្មប្រយុទ្ធ BLA បានវាយប្រហារលើជនស៊ីវិលនៅក្នុងតំបន់ហានណា អ៊ូរ៉ាក។ ប្រជាជនដែលរស់នៅតំបន់នោះបានទប់ទល់នឹងការវាយប្រហារនេះ និងបានបង្ខំឱ្យអ្នកវាយប្រហារដកថយ ប៉ុន្តែជនស៊ីវិល៤នាក់បានស្លាប់បាត់បង់ជីវិត និង៦នាក់ផ្សេងទៀតរងរបួស៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្មបង្ក្រាប)

 

LEAVE A REPLY

Please enter your comment!
Please enter your name here