ប្រទេសលីបង់៖ មនុស្ស ២នាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ប្រជុំជនណាបាធៀហ ហាល ហ្វាឃ្វា (Nabatieh al-Fawqa) ភាគខាងត្បូងប្រទេសលីបង់ នេះបើយោងតាមប្រភពព័ត៌មានចេញពីកងការពារជនស៊ីវិលលីបង់។
ប្រភពដដែលបានប្រាប់អ្នកយកព័ត៌មានថា អគ្គីភ័យមួយបានឆាបឆេះឡើងនៅទីតាំងដែលរងការវាយប្រហារ ដែលក្រោយមកទៀតក៏ត្រូវបានពន្លត់វិញ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍មកថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ២លើកជាប់ៗគ្នាកាលពីរសៀលថ្ងៃព្រហស្បតិ៍ បានកំណត់គោលដៅលើតំបន់ជាយក្រុងអាល់ ដៀរ (al-Deir) ក្នុងតំបន់ប្រជុំជនណាបាធៀហ ហាល ហ្វាឃ្វា។
ប្រភពដដែលបានបន្តថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដោយប្រើគ្រាប់មីស៊ីលទៅលើតំបន់ អាលី អាល ថាហៀរ (Ali al-Taher) ខណៈដែលយន្តហោះគ្មានមនុស្សបើកមួយផ្សេងទៀតបានទម្លាក់គ្រាប់បែកលើតំបន់ប្រជុំជនភាគស្ថិតនៅខាងត្បូងក្រុងម៉ានសួរ៉ី (Mansouri)។
ការវាយប្រហារចុងក្រោយនេះបានកើតឡើងតែមួយថ្ងៃបន្ទាប់ពីអ្នកតំណាងរបស់អ៊ីស្រាអែល និងលីបង់បានបញ្ចប់កិច្ចចរចាលើក ទី៦ របស់ពួកគេ ដែលមានការសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅក្នុងទីក្រុងរ៉ូម ក្នុងគោលបំណងជំរុញការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នា និងដោះស្រាយបញ្ហាសន្តិសុខព្រំដែន៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ (សង្គ្រាម )










