ប្រទេសយ៉េមែន៖ មន្ត្រីសន្តិសុខម្នាក់បានប្រាប់អ្នកយកព័ត៌មានថា ទាហានយ៉េមែន ៥នាក់ត្រូវបានសម្លាប់ និង៧នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដែលគេសង្ស័យថាជាការវាយប្រហាររបស់ក្រុមអាល់ កៃដា ទៅលើមូលដ្ឋានយោធាមួយកន្លែងនៅភាគខាងត្បូងខេត្តហាថរ៉ាម៉ៅ កាលពីល្ងាចថ្ងៃសុក្រ ទី១៧ ខែកក្កដា។
មន្ត្រីរូបនេះ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ក្រុមសកម្មប្រយុទ្ធប្រដាប់ដោយអាវុធបានបើកការវាយប្រហាររួមគ្នាទៅលើបុស្ត៍ត្រួតពិនិត្យដែលជាកម្មសិទ្ធរបស់កងពលតូចលេខ៤ នៃកងកម្លាំងការពារជាតិរបស់រដ្ឋាភិបាល នៅក្នុងតំបន់រ៉ាម៉ាហនៃខេត្តដែលសម្បូរប្រេងមួយនេះ។
មន្ត្រីដដែលបានបន្ថែមថា ក្រុមវាយប្រហារបានសម្រុកចូលមូលដ្ឋានយោធា បង្កឱ្យមានការប្រយុទ្ធគ្នាដែលបណ្តាលឱ្យទាហាន ៥នាក់ស្លាប់ និង ៧នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានអ្នកខ្លះរងរបួសធ្ងន់។
បើតាមប្រភពមន្ត្រីសន្តិសុខរូបនេះ ការវាយតម្លៃជាបឋមបានបង្ហាញថា អ្នកវាយប្រហារទាំងនោះត្រូវបានសង្ស័យថាជាសមាជិកក្រុមអាល់កៃដាក្នុងឧបទ្វីបអារ៉ាប់ (AQAP) ដែលជាសាខារបស់បណ្តាញភេរវកម្មអាល់កៃដា ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន។ ទោះជាយ៉ាងណា មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហានេះនៅោឡើយទេ។
មន្ត្រីដដែលបានបន្ថែមថា កងកម្លាំងសន្តិសុខដែលគាំទ្ររដ្ឋាភិបាល បានបើកការស៊ើបអង្កេត និងបានបង្កើតវិធានការណ៍សន្តិសុខនានានៅតំបន់ក្បែរនោះដើម្បីស្វែងរកអ្នកដែលបាក់ព័ន្ធនឹងការវាយប្រហារនេះ។
ក្រុមអាល់កៃដានៅឧបទ្វីបអារ៉ាប់បានវាយប្រហារជាបន្តបន្ទាប់ទៅលើកងកម្លាំងរដ្ឋាភិបាលយេម៉ែន ជាពិសេសនៅខេត្តភាគខាងត្បូង និងភាគអាគ្នេយ៍របស់ប្រទេស ទោះបីជាមានប្រតិបត្តិការប្រឆាំងភេរវកម្មជាច្រើនឆ្នាំ ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ពួកនេះក៏ដោយ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦(ភេរវកម្ម វាយប្រហារ)










