ប្រទេសអ៊ីស្រាអែល៖ យោធាអ៊ីស្រាអែល និងភ្នាក់ងារសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែល ស្ហីនបេត (Shin Bet) កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ពួកគេបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាសនៅទីក្រុងហ្កាហ្សា ក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃសៅរ៍ ទី១៨ ខែកក្កដា។ ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ជនសកម្មប្រយុទ្ធរូបនោះមានឈ្មោះអាដហាម អ៊ីប្រាហ៊ីម ស្ហាបាន ណាសម៉េន ដែលធ្លាប់បម្រើការជាប្រធានផ្នែកប្រតិបត្តិការនៃកងពលតូចនៅតំបន់ហ្កាហ្សារបស់ក្រុមហាម៉ាស។
សេចក្តីថ្លែងការណ៍បានអះអាងថា លោក ណាសម៉េន បានដឹកនាំពួកសកម្មប្រយុទ្ធជ្រៀតចូលទៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ហើយបានចាប់ឃុំខ្លួនចំណាប់ខ្មាំងអ៊ីស្រាអែលជាច្រើននាក់ផងដែរ។ លោក ណាសម៉េន ក៏ធ្លាប់បានបម្រើការជាមេបញ្ជាការកងវរសេនាតូចនៅក្នុងអង្គភាពពិសេសនុកបា (Nukhba) របស់ក្រុមហាម៉ាស ហើយថែមទាំងធ្លាប់កាន់តំណែងជាន់ខ្ពស់ជាច្រើន រួមមាន មន្ត្រីចារកម្មនៃកងពលតូចនៅក្នុងក្រុងហ្កាហ្សា និងមេបញ្ជាការកងវរសេនាតូចអាល ស្ហាធី (Al-Shati) ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សេចក្តីថ្លែងការណ៍អះអាងទៀតថា លោក ណាសម៉េន បានព្យាយាមបណ្តុះបណ្តាលក្រុមសកម្មប្រយុទ្ធកងពលតូច និងជំរុញការផលិត ព្រមទាំងការចែកចាយអាវុធក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសមត្ថភាពយោធារបស់ក្រុមហាម៉ាសឡើងវិញ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្មបង្ក្រាប)










