Saturday, July 25, 2026

កងកម្លាំងសន្តិសុខប៉ាគីស្ថានសម្លាប់ក្រុមសកម្មប្រយុទ្ធ ១០នាក់ក្នុងប្រតិបត្តិការនៅខេត្តប៉ាឡូជីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបាននិយាយកាលពីថ្ងៃពុធ ទី២២ ខែតុលា ថា​ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ក្រុមសកម្មប្រយុទ្ធចំនួន ១០នាក់ក្នុងប្រតិបត្តិការរួមគ្នាដែលផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ ដែលធ្វើឡើងនៅភាគនិរតីខេត្តប៉ាឡូជីស្ថានក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ។

 យោងតាមអគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបានឱ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកសូរ៉ាប (Surab) និងស្រុកម៉ាស្តាំង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ។

 ISPR បានឲ្យដឹងថា កងកម្លាំងសន្តិសុខបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ៧នាក់ ក្នុងស្រុកសូរ៉ាប​   ខណៈ ដែលសកម្មប្រយុទ្ធ ៣នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងស្រុកម៉ាស្តាំង។ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតស្ត្រី២នាក់ និងអ្នកសម្របសម្រួលម្នាក់ ក៏ត្រូវបានចាប់ខ្លួនអំឡុងប្រតិបត្តិការនៅក្នុងស្រុកម៉ាស្តាំងផងដែរ។

ខាងយោធាបានបញ្ជាក់ថា អាវុធជាច្រើនដើម គ្រាប់រំសេវ និងគ្រឿងផ្ទុះកែច្នៃ ត្រូវបានរឹបអូសពីក្រុមសកម្មប្រយុទ្ធទាំងនោះ។ ISPR បានបន្ថែមឱ្យដឹងថា ប្រតិបត្តិការសម្អាតនៅតែបន្តដំណើរការនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដើម្បីស្វែងរកណ និងកម្ចាត់ក្រុមសកម្មប្រយុទ្ធដែលនៅសេសសល់ក្នុងតំបន់៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្មបង្ក្រាប)

 

LEAVE A REPLY

Please enter your comment!
Please enter your name here