កុងហ្គោ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ថា យ៉ាងហោចណាស់មានជនស៊ីវិល ៣២នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយដោយការវាយប្រហារ ២លើកដែលសន្មតថាធ្វើឡើងដោយកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធ (ADF) នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។
ការវាយប្រហារទាំងនេះបានកំណត់គោលដៅលើទឹកដីម៉ាមបាសា(Mambasa) នេះបើតាមការចុះផ្សាយរបស់វិទ្យុអូកាផី(Okapi) ដែលជាប្រព័ន្ធផ្សព្វផ្សាយគាំទ្រដោយអង្គការសហប្រជាជាតិនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។ អ្នកតំណាងអង្គការសង្គម
ស៊ីវិលក្នុងស្រុកបាននិយាយថាចំនួនអ្នកស្លាប់គ្រាន់តែជាចំនួនបណ្តោះអាសន្ននៅឡើយទេ ខណៈដែលកិច្ចប្រតិបត្តិការស្វែងរកជនរងគ្រោះផ្សេងទៀតនៅតែបន្ត។ ការកើនឡើងនៃអំពើហិង្សានេះបានបង្កឲ្យមានការជម្លៀសប្រជាជនជាថ្មីចេញពីភូមិដែលរងផលប៉ះពាល់ និងសហគមន៍ជិតខាង ដោយសារប្រជាពលរដ្ឋភ័យខ្លាចថានឹងមានការវាយប្រហារបន្ថែមទៀត ។
គិតត្រឹមល្ងាចថ្ងៃសៅរ៍ ទី២៥ ខែកក្កដា អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធនៃ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមិនទាន់បានធ្វើអត្ថាធិប្បាយជាផ្លូវការអំពីការវាយប្រហារនេះនៅឡើយទេ។ អង្គការសង្គមស៊ីវិលក្នុងស្រុកបានឲ្យដឹងថា ក្រុមប្រដាប់អាវុធបានសម្លាប់មនុស្សជាង១០០ នាក់នៅក្នុងភូមិប្រមាណ២០នៅទូទាំងតំបន់ម៉ាមបាសា (Mambasa) ចាប់តាំងពីខែមីនា ឆ្នាំ នេះមក។
កងទ័ពប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) ដែលជាសម្ព័ន្ធមិត្តបស់រដ្ឋអ៊ីស្លាមនៅអាហ្រ្វិកកណ្តាល គឺជាក្រុមឧទ្ទាមមានដើមកំណើតពីប្រទេសអ៊ូហ្កង់ដា ដែលកំពុងធ្វើប្រតិបត្តិការនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ សកម្មភាពបន្តរបស់ក្រុមឧទ្ទាមនេះបានជំរុញឱ្យមានប្រតិបត្តិការយោធារួមគ្នារវាងកងកម្លាំងកុងហ្គោ និងអ៊ូហ្កង់ដាចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីតាមប្រមាញ់ និងបង្ក្រាបក្រុមនេះ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦(វាយប្រហារភេរវកម្ម)










