Wednesday, July 29, 2026

ស្លាប់ម្នាក់របួស ២៩នាក់ក្នុងការវាយប្រហារមួយដែលសង្ស័យថាជាការវាយប្រហារភេរវកម្ម

0

ប្រទេសអាលឺម៉ង់៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាលឺម៉ង់ លោក អេឡិចហ្សាន់ឌ័រ ដូប្រីនដ៏ (Alexander Dobrindt ) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដាថា ការបើករថយន្តបំបុកចូលហ្វូងមនុស្ស និងចាក់គ្នានៅកណ្តាលទីក្រុងប៊ែរឡាំងកាលពីល្ងាចថ្ងៃសៅរ៍ ទី២៥ ត្រូវបានសង្ស័យថាជា ការវាយប្រហារភេរវកម្មរបែបអ៊ីស្លាមនិយមជ្រុល​​  ។

រថយន្តមួយគ្រឿងបានបើកបំបុកចូលក្នុងហ្វូងមនុស្សនៅក្បែរសួនថាយអ័រហ្ការថិន(Tiergarten) ក្នុងទីក្រុងប៊ែរឡាំងកាលល្ងាចថ្ងៃសៅរ៍ ទី២៥ មុនពេលជនសង្ស័យវាយប្រហារអ្នកដំណើរដែលដើរឆ្លងកាត់ទីនោះដែលគេជឿថាប្រើដាវសាម៉ូរៃ បណ្តាលឱ្យស្រ្តីម្នាក់ស្លាប់ និងមនុស្ស២៩នាក់ផ្សេងទៀតរងរបួស ហើយក្នុងចំណោមអ្នករងរបួសមានអ្នកខ្លះរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅជិតទីតាំងនៃពិធីបុណ្យ Christopher Street Day (CSD) ក្នុងទីក្រុង។លោករដ្ឋមន្ត្រីបាននិយាយថា ជនសង្ស័យដែលកើតនៅឆ្នាំ២០០៥ គឺជាពលរដ្ឋអាលឺម៉ង់ដែលមានដើមកំណើតមកពីលីបង់។ លោកបានបន្ថែមថា ជនសង្ស័យធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសជាច្រើន និងមានសញ្ញានៃការកាន់និយមជ្រុល ហើយកន្លងមកគេក៏ធ្លាប់ត្រូវបានចាប់ដាក់ពន្ធនាគារដោយតុលាការអាលឺម៉ង់រយៈពេលមួយឆ្នាំ និង១០ខែ ប៉ុន្តែទោសនោះត្រូវបានព្យូរក្រោមលក្ខខណ្ឌសាកល្បង។

ក្រោយពីមានការវាយប្រហារនេះ អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីឌ្រីច មឺហ្ស (Friedrich Merz) បានថ្កោលទោសចំពោះហេតុការណ៍នេះនៅលើបណ្តាញសង្គម​ ដោយបានចាត់ទុកថាវាគឺជា ការវាយប្រហារនៅក្នុងសង្គមរបស់យើង។ គិតត្រឹមសៀលថ្ងៃអាទិត្យ ជនសង្ស័យនៅតែកំពុងរត់គេចខ្លួន៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦(ការវាយប្រហារភេរវកម្ម)

LEAVE A REPLY

Please enter your comment!
Please enter your name here