Friday, August 7, 2026

មនុស្សយ៉ាងហោចណាស់ ៧នាក់ស្លាប់ និង ២០នាក់ទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ប្រធានប៉ូលិសស្រុកបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៧នាក់ត្រូវបានសម្លាប់ និង ២០នាក់ផ្សេងទៀតរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅជិតប៉ុស្តិ៍ប៉ូលិសមួយ ដែលស្ថិតនៅក្បែរកន្លែងរៀបចំការជួបជុំគាំទ្រសន្តិភាពនៅស្រុកស្វាត(Swat) ខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ទី០២ ខែសីហា។

លោក មូហាម៉ាដ អុម៉ារ មន្ត្រីប៉ូលិសស្រុកស្វាតបានប្រាប់អ្នកយកព័ត៌មានថាការផ្ទុះនេះបានកើតឡើងនៅជិតច្រកចូលប៉ុស្ដិ៍ប៉ូលិស ខណៈដែលការជួបជុំសាធារណៈមួយនៅក្បែរនោះទើបតែបញ្ចប់។ លោកបានបន្ថែមថា ក្នុងចំណោមអ្នកស្លាប់ និងរងរបួស មានទាំងប្រជាពលរដ្ឋដែលបានចូលរួមជួបជុំ និងមន្ត្រីប៉ូលិសផងដែរ។

លោក មូហាម៉ាដ អុម៉ារ បានបញ្ជាក់ថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតបានប៉ុនប៉ងចូលទៅក្នុងប៉ុស្ដិ៍ប៉ូលិស ប៉ុន្តែត្រូវបានស្ទាក់ឃាត់ដោយមន្ត្រីប៉ូលិសម្នាក់នៅច្រកចូលធំ មុនពេលជននោះ បំផ្ទុះគ្រឿងផ្ទុះកែច្នៃដែលខ្លួនកំពុងផ្ទុក។ ក្រុមសង្គ្រោះ និងកងកម្លាំងសន្តិសុខ បានប្រញាប់ប្រញាល់ទៅកាន់ទីកន្លែងកើតហេតុ និង បញ្ជូនអ្នករងរបួសទៅមន្ទីពេទ្យនៅក្បែរនោះ។ ប៉ូលិសបានបិទខ្ទប់កន្លែងកើតហេតុ និងបើកប្រតិបត្តិការស្វែងរក ខណៈដែលក្រុមស៊ើបអង្កេតកំពុងប្រមូលភស្តុតាងពីទីតាំងផ្ទុះ។ មកទល់ពេលនេះ ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ហើយអាជ្ញាធរកំពុងបន្តការស៊ើបអង្កេតលើហេតុការណ៍នេះ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦(សន្តិសុខ)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here