ប្រទេសនីហ្សេរីយ៉ា៖ កងទ័ពនីហ្សេរីយ៉ាបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃពុធ ទី១២ ថា យ៉ាងហោចណាស់ ជនសង្ស័យជាភេរវករ ១៩នាក់ត្រូវបានសម្លាប់ និងជនរងគ្រោះដោយការចាប់ជំរិត២៣នាក់ ត្រូវបានជួយសង្គ្រោះក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មដាច់ដោយឡែកពីគ្នា ដែលធ្វើឡើងដោយកងទ័ពនីហ្សេរីយ៉ានៅតំបន់ភាគខាងជើងនៃប្រទេសក្នុងសប្តាហ៍នេះ។ នៅក្នុងរបាយការណ៍ស្តីពីប្រតិបត្តិការចុងក្រោយ កងទ័ពនីហ្សេរីយ៉ាបានឲ្យដឹងថា ប្រតិបត្តិការទាំងនេះត្រូវបានធ្វើឡើងដោយកងទ័ពចន្លោះពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារ៍ ជាពិសេសនៅតំបន់ភាគខាងជើងនៃប្រទេស។
កងទ័ពបាននិយាយថា ប្រតិបត្តិការដែលផ្អែកលើព័ត៌មានស៊ើបការណ៍ បានឈានដល់ការសម្លាប់ជនសង្ស័យជាភេរវករ ១៨នាក់នៅភាគពាយ័ព្យរដ្ឋ ឃេប៊ី កាលពីថ្ងៃចន្ទ ទី១០ ខណៈដែលជនរងគ្រោះដោយការចាប់ជំរិត ១៨នាក់ ត្រូវបានជួយសង្គ្រោះនៅរដ្ឋ ហ្សាមហ្វារ៉ា (Zamfara) ដែលនៅជិតគ្នា ក្នុងថ្ងៃដដែល។ កាលពីថ្ងៃអង្គារ៍ ទី១១ ខែសីហា ជនសង្ស័យថាជាភេរវករម្នាក់ទៀតត្រូវបានសម្លាប់អំឡុងពេលវាយឆ្មក់ចូលទីតាំងមួយនៅភាគខាងជើងរដ្ឋ ផ្លាថូ (Plateau) ខណៈដែលជនរងគ្រោះដោយការចាប់ជំរិត ៥នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះនៅភាគឦសាននៃរដ្ឋ បួរនូ នេះបើតាមប្រភពកងទ័ព។ ប្រទេសនីហ្សេរីយ៉ាកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខជាច្រើន រួមមាន អំពើភេរវកម្ម ការចាប់ជំរិត ចោរប្លន់ អំពើប្រដាប់អាវុធ ការរីកសាយភាយអាវុធធុនតូច និងអាវុធធុនស្រាល និងជម្លោះរវាងកសិករ និងអ្នកចិញ្ចឹមសត្វ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃ១៣ ខែសីហា ឆ្នាំ២០២៦










