ប្រទេសអ៊ីរ៉ង់៖ កម្លាំងរបស់ក្រសួងចារកម្មអ៊ីរ៉ង់បានបង្ក្រាបក្រុមប្រតិបត្តិការចំនួន២ដែលមានទំនាក់ទំនងនឹងក្រុមភេរវករតាក់ហ្វីរី (Takfiri) នៅខេត្តស៊ីស្ថាន និងខេត្តប៉ាឡូចេស្ថានភាគអាគ្នេយ៍ប្រទេស ចាប់ខ្លួនភេរវករ៤នាក់ និងសម្លាប់ភេរវករ២នាក់ផ្សេងទៀតក្នុងការប៉ះទង្គិចគ្នាចំនួន២លើកផ្សេងគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រសួងចារកម្មបាននិយាយថា កងកម្លាំងខ្លួននៅក្នុងខេត្តស៊ីស្ថាន និងខេត្តប៉ាឡូចេស្ថាន ដោយមានកិច្ចសហការគ្នាជាមួយកងពលតូចនៃកងទ័ពឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) និងកងកម្លាំងប៉ូលិស បានកំណត់អត្តសញ្ញាណក្រុមដែលមានរចនាសម្ព័ន្ធចំនួន២ នៅពេលដែលពួកគេបានចូលមកក្នុងប្រទេសនេះ ហើយបានរារាំងប្រតិបត្តិការរបស់ក្រុមនេះមុនពេលពួកគេធ្វើសកម្មភាពបំផ្លិចបំផ្លាញណាមួយ។
ក្រសួងនិយាយថា ប្រតិបត្តិការស៊ីបអង្កេតជាបន្តបន្ទាប់នៅក្នុងទីក្រុងខាស្ហ (Khash) សមាជិក៤នាក់នៃក្រុមប្រតិបត្តិការទាំង២នេះត្រូវបានចាប់ខ្លួន ចំណែកឯសមាជិក២នាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ។ យោងតាមសេចក្តីថ្លែងការណ៍ ប្រតិបត្តិករដែលទទួលបានការបណ្តុះបណ្តាលទាំងពីរក្រុមនេះត្រូវបានបញ្ជូនមកប្រទេសអ៊ីរ៉ង់ដោយក្រុមភេរវករតាក់ហ្វីរីដែលមានទំនាក់ទំនងជាមួយក្រសួងស៊ើបការណ៍សម្ងាត់សត្រូវ អាមេរិក-ស៊ីយ៉ូនីស(Zionist)។
ក្រសួងនិយាយថា ក្រុមនេះមានបំណងធ្វើប្រតិបត្តិការដែលមានគោលបំណងធ្វើឲ្យខេត្តស៊ីស្ថាន និងខេត្តប៉ាឡូចេស្ថានអស្ថិរភាព និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនៅតំបន់ភាគខាងត្បូងនៃខេត្ត ប៉ុន្តែយើងបានកំណត់អត្តសញ្ញាណ ហើយបានកម្ចាត់ក្រុមនេះមុនពេលពួកគេធ្វើសកម្មភាព។ ក្នុងប្រតិបត្តិការដាច់ដោយឡែកមួយផ្សេងទៀត កងកម្លាំងចារកម្មក៏បានកម្ចាត់ក្រុមក្មេងទំនើង៤នាក់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មហិង្សា និងបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងទីក្រុងហ្សាហេដាន (Zahedan)។ ក្រសួងបាននិយាយថា ក្រុមក្មេងទំនើងនេះមានគម្រោងចាប់ជំរិតប្រជាជននៅក្នុងទីក្រុង ហើយជំរិតទារប្រាក់ពីក្រុមគ្រួសារ។ ជនសង្ស័យទាំង៤នាក់ត្រូវបានចាប់ខ្លួន រួមជាមួយនឹងអាវុធ និងសម្ភារៈផ្សេងៗទៀត៕
ប្រភព tasnimnews ចុះផ្សាយឡើងវិញថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦










