Wednesday, August 19, 2026

ភេរវករ ៧នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខបានឲ្យដឹងកាលពីថ្ងៃអាទិត្យ ទី១៦ ថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ ៧នាក់ ក្នុងប្រតិបត្តិការមួយដែលផ្អែកលើព័ត៌មានស៊ើបការណ៍ នៅភាគខាងត្បូងខេត្តប៉ាឡូជីស្ថាន។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅតំបន់ឡាចាយ ក្នុងស្រុកខារ៉ាន បន្ទាប់ពីទទួលបានព័ត៌មានអំពីវត្តមានរបស់ពួកភេរវករ នេះបើតាមប្រភពពីសន្តិសុខ។

ប្រភពដដែលបានបន្ថែមថា កងកម្លាំងបានរឹបអូសអាវុធទំនើប គ្រាប់រំសេវ និងសម្ភារៈយោធាមួយចំនួន រួមទាំងរថយន្ត ២គ្រឿង និងម៉ូតូ ១គ្រឿង។ ជាមួយគ្នានេះ ជម្រកលាក់ខ្លួនរបស់ក្រុមភេរវករក៏ត្រូវបានបំផ្លាញផងដែរ។ ភេរវករដែលត្រូវបានសម្លាប់ទាំងនោះ ត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការប្លន់ ការជំរិតទារប្រាក់ ការចាប់ជំរិត ការធ្វើឃាតមនុស្សតាមគោលដៅ និងការរៀបផែនការវាយប្រហារអត្តឃាត នៅក្នុងតំបន់ខារ៉ាន និងតំបន់ក្បែរៗនោះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ម៉ូហស៊ីន ណាកវ៉ី (Mohsin Naqvi) បានសង្កត់ធ្ងន់ថា  ប្រជាជាតិប៉ាគីស្ថាននៅតែរួបរួមគ្នា និងមានការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដោយលោកបានបញ្ជាក់ថា ប្រតិបត្តិការដែលផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់នឹងបន្តធ្វើរហូតដល់ “ភេរវករចុងក្រោយ” ត្រូវបានកម្ចាត់ចោល៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here