ប្រទេសនីហ្សេរីយ៉ា៖ ខាងយោធាបានបញ្ជាក់កាលពីថ្ងៃសុក្រ ទី២៨ ខែសីហា ថា យ៉ាងហោចណាស់ជនសង្ស័យជាភេរវករ ២១នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរត់គេចខ្លួន ទាំងមានរបួស បន្ទាប់ពីកងទ័ពនីហ្សេរីយ៉ាបានវាយឆ្មក់ចូកជំរំមួយកន្លែងដែលប្រើប្រាស់ដោយក្រុមបូកូហារ៉ាម (Boko Haram) និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអាហ្វ្រិកខាងលិច (ISWAP) នៅរដ្ឋអាដាម៉ាវ៉ា (Adamawa) ភាគឦសានប្រទេស។
លោក មូហាមិដ ហ្កូនី (Mohammed Goni) អ្នកនាំពាក្យក្រុមការងារចម្រុះដែលដឹកនាំដោយយោធាបាននិយាយថា ប្រតិបត្តិការនេះបានកំណត់គោលដៅលើជំរំរបស់ក្រុមភេរវករនៅតំបន់ភ្នំកូប្រី ក្នុងតំបន់រដ្ឋបាលហុង (Hong) នៃរដ្ឋអាដាម៉ាវ៉ា (Adamawa) បន្ទាប់ពីទទួលបានព័ត៌មានស៊ើបការណ៍ដែលអាចជឿទុកចិត្តបានថា ក្រុមនេះកំពុងប្រមូលកម្លាំងឡើងវិញនៅទីនោះ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា។
លោក ហ្កូនី (Goni) បាននិយាយថា កងទ័ពបានធ្វើការជ្រៀតចូលដោយស្ងាត់ស្ងៀមទៅកាន់តំបន់ដែលមានសណ្ឋានដីពិបាក និងដិបរដុបខ្លាំង មុនពេលបើកការវាយប្រហារយ៉ាងជាក់លាក់ទៅលើជំរំនោះ។ ដែលការប្រយុទ្ធគ្នាជាមួយពួកភេរវករធ្វើឡើងពីរលើកផ្សេងគ្នាក្នុងអំឡុងពេលប្រតិបត្តិការនោះ។ បន្ទាប់មកកងទ័ពបានគ្រប់គ្រងទៅលើតំបន់នោះ និងបានបំផ្លាញជំរំ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារដែលពួកភេរវករបោះបង់ចោលដើម្បីរត់គេចខ្លួន។
លោកបានបន្ថែមថា ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរក និងសង្គ្រោះជនរងគ្រោះដែលត្រូវបានចាប់ជំរិត ដែលមួយចំនួនត្រូវបានពួកភេរវករចាប់ជាចំណាប់ខ្មាំងតាំងពីខែមិថុនាមក។ក្រុមបូកូហារ៉ាម (Boko Haram) និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមអាហ្វ្រិកខាងលិច (ISWAP) បានសហការគ្នាក្នុងគោលបំណងបង្កើតរដ្ឋអ៊ីស្លាមនិយមមួយនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា។ ក្រុមទាំងនេះក៏បានបង្កើនការវាយប្រហាររបស់ពួកគេទៅកាន់ប្រទេសផ្សេងទៀតនៅតំបន់បឹងឆាដ (Chad) ផងដែរ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦










