ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបាននិយាយថា បងប្អូនប្រុស ៣នាក់បានស្លាប់ និងម្នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រឿងផ្ទុះកែច្នៃដែលដាក់នៅតាមដងផ្លូវ (IED) ក្នុងខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា។ វរសេនីយ៍ឯកក្នុងស្រុកដូគី លោក ម៉ានសួរ អាហមិដ បូហ្សដារ (Mansoor Ahmed Buzdar)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់
ឃីលលី បាកហាយ ខាន ក្នុងស្រុកដូគី ខណៈពេលដែលរថយន្តដឹកឥវ៉ាន់ដែលដឹកជនរងគ្រោះកំពុងឆ្លងកាត់អូរ។លោក ម៉ានសួរ អាហមិដ បូហ្សដារ បាននិយាយថា “បងប្អូនប្រុស ៣នាក់ និងសាច់ញាតិម្នាក់របស់ពួកគេកំពុងតែធ្វើដំណើរទៅកាន់ដីស្រែរបស់ពួកគេ នៅពេលដែលពួកគេបានជួបហេតុការណ៍ដ៏សោកសៅនេះ” ។ លោកបានបន្ថែមថា បងប្អូនប្រុសទាំង ៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលសាច់ញាតិរបស់ពួកគេរងរបួស។
ប៉ូលិសបាននិយាយថា ការផ្ទុះនេះបណ្ដាលមកពីគ្រឿងផ្ទុះកែឆ្នៃដែលអាចបញ្ជាពីចម្ងាយ និងត្រូវបានដាក់បង្កប់ដោយអ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណ ហើយការផ្ទុះនោះថែមទាំងបានបំផ្លាញរថយន្តផងដែរ។ ប៉ូលិស និងកម្លាំងសន្តិសុខ បានប្រញាប់ទៅកាន់កន្លែងកើតហេតុ ហើយបានបញ្ជូនសាកសព និងអ្នករងរបួសទៅកាន់មន្ទីពេទ្យស្រុក ខណៈដែលការស៊ើបអង្កេតលើហេតុការណ៍នេះកំពុងដំណើរការ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦









