ប្រទេសយ៉េមែន៖ រដ្ឋាភិបាលយ៉េមែនបាននិយាយកាលពីថ្ងៃអង្គារ ទី០១ ខែកញ្ញា ថា អ្នកនាំពាក្យរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងអំពើរភេរវកម្មរួមគ្នា ដែលមានការចួលរួមពីកងកម្លាំងយ៉េមែន និងកងកម្លាំងពិសេសរបស់កងកម្លាំងសម្ព័ន្ធមិត្តដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត។
ប៉ុស្តិ៍ទូរទស្សន៍សាបា (Saba) ដែលគ្រប់គ្រងដោយរដ្ឋ បានដកស្រង់ខ្លឹមសារព័ត៌មានពីភ្នាក់ងារសន្តិសុខរដ្ឋកណ្តាល បានរាយការណ៍ថា លោក អាប៊ុ ហុដេហ្វាហ អាល អេនសារ៉ី (Abu Hudhayfah al-Ansari) ដែលជាមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុម IS និងជាអ្នកនាំពាក្យផ្លូវការរបស់ក្រុម ត្រូវបានសម្លាបក្នុងប្រតិបត្តិការមួយ ដែលដំបូងឡើយមានបំណងចាប់ខ្លួនគាត់។
ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយកងកម្លាំងពិសេសរបស់កងកម្លាំងសម្ព័ន្ធមិត្តដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដោយមានការគាំទ្រពីអង្គភាពប្រឆាំងភេរវកម្មទី ២២ របស់ប្រទេសយេម៉ែន នេះបើតាមរបាយការណ៍។ ទីភ្នាក់ងារមិនបានបង្ហាញពីទីតាំងនៃប្រតិបត្តិការនេះ ឬផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីស្ថានភាពនៃការស្លាប់របស់លោក អាល អេនសារ៉ី (al-Ansari) នោះទេ។
ប្រភពយោធាបានប្រាប់អ្នកយកព័ត៌មានថា ការវាយឆ្មក់នេះបានធ្វើឡើងនៅម៉ោងប្រមាណជា ១:៣០ រំលងអាធ្រាត្រនៅទីក្រុងស៊ីយ៉ុន (Seiyun) ដែលជាទីក្រុងមួយនៅក្នុងខេត្តហាដ្រាមោត (Hadramout) ភាគអាគ្នេយ៍នៃប្រទេសយេម៉ែន។ ប្រតិបត្តិការនេះបានកំណត់គោលដៅលើផ្ទះចាស់មួយនៅក្នុងសង្កាត់អាល ហាវថា (al-Hawta) ជាកន្លែងដែលលោក អាល អេនសារ៉ី(al-Ansari) កំពុងស្នាក់នៅ។
យោងតាមប្រភពបានឲ្យដឹងថាលោក អាល អេនសារ៉ី (Al-Ansari) បានរងរបួស និងត្រូវបានចាប់ខ្លួនក្នុងអំឡុងការវាយឆ្មក់ ប៉ុន្តែក្រោយមកលោកបានស្លាប់ដោយសារតែរបួសធ្ងន់។ ប្រភពបានបន្ថែមថា មនុស្សម្នាក់ទៀតដែលនៅក្នុងផ្ទះនោះក៏ត្រូវបានសម្លាប់ផងដែរ។ ប្រតិបត្តិការនេះត្រូវបានគាំទ្រដោយយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង។
អ្នកស្រុកបានប្រាប់អ្នកយកព័ត៌មានថា ពួកគេបានឮសំឡេងផ្ទុះនៅទីក្រុងស៊ីយ៉ុ ន (Seiyun) ប្រហែលពេលដែលការវាយឆ្មក់បានកើតឡើង។ ក្រុមអាល កៃដា នៅឧបទ្វីបអារ៉ាប់ និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានទាញយកផលប្រយោជន៍ពីជម្លោះ និងអស្ថិរភាពអស់ជាច្រើនឆ្នាំនៅក្នុងប្រទេសយេម៉ែន ដើម្បីរក្សាវត្តមានរបស់ពួកគេ ជាពិសេសនៅតំបន់មួយចំនួននៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេសយេម៉ែន៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦










