Thursday, September 10, 2026

ស្លាប់មនុស្ស ១៨នាក់ និង ១០៨នាក់របួសក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិកលើអ៊ីរ៉ង់

0

ប្រទេសអ៊ីរ៉ង់៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក មូហាម៉េដ រ៉េហ្សា ហ្សាហ្វាហេនឌី បាននិយាយកាលពីថ្ងៃពុធ ទី០២ ខែកញ្ញាថា មនុស្ស ១៨នាក់បានស្លាប់ និង ១០៨នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសពេញមួយយប់របស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់។ នេះបើតាមសេចក្តីថ្លែងការណ៍មួយដែលផ្សព្វផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងការបរទេសអ៊ីរ៉ង់បានថ្កោលទោសយ៉ាងខ្លាំងចំពោះអ្វីដែលខ្លួនហៅថា “សកម្មភាពឈ្លានពាន”  ចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដោយបង្ហាញពីការប្ដេជ្ញាចិត្តរបស់ប្រទេសអ៊ីរ៉ង់ក្នុងការការពារឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន “ដោយមិនរារែក”

ក្រសួងបានឲ្យដឹងថា កាលយប់ថ្ងៃអង្គារ៍ ទី០១ ខែកញ្ញា រដ្ឋាភិបាលអាមេរិកបានរំលោភម្តងទៀតលើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ ហើយបានវាយប្រហារលើទីតាំងរបស់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន ដែលបណ្តាលឱ្យប្រជាជនអ៊ីរ៉ង់មួយចំនួនស្លាប់ និងរងរបួស ព្រមទាំងបង្កការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន។ នៅព្រឹកថ្ងៃពុធ ទី០២ ខែកញ្ញា ទីបញ្ជាការដ្ឋានកណ្តាលអាមេរិកបានផ្សព្វផ្សាយលើបណ្តាញសង្គមអ៊ីក្សថា កងកម្លាំងរបស់ខ្លួនបានបញ្ចប់យ៉ាងជោគជ័យនូវរលកនៃការវាយប្រហារលើគោលដៅយោធាអ៊ីរ៉ង់  ដោយបានលើកឡើងពីការប៉ុនប៉ងវាយប្រហារនាពេលថ្មីៗនេះរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (Islamic Revolution Guard Corps) ទៅលើនាវាពាណិជ្ជកម្ម នៅច្រក សមុទ្រហ័រមុហ្ស (Hormuz) និងលើកងទ័ពអាមេរិក។ ជាការឆ្លើយតប ប្រទេសអ៊ីរ៉ង់បានវាយប្រហារទៅលើមូលដ្ឋាន និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក នៅប្រទេសហ្ស៊កដានី គុយវ៉ែត បារ៉ែន អ៊ីរ៉ាក់ក្នុងតំបន់ឃឺឌីស្ថានដែលមានស្វ័យភាព និងប្រទេសអេមីរ៉ាតអារ៉ាប់រួម៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here