ហ្កាហ្សា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤នាក់ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួសកាលពីថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយសារការបាញ់ផ្លោង និងបាញ់រះរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប នេះបើយោងតាមប្រភពវេជ្ជសាស្ត្រ និងប្រភពនៅក្នុងតំបន់។
នៅភាគខាងត្បូងតំបន់ហ្កាហ្សា ស្ទ្រីប ក្មេងម្នាក់ឈ្មោះ យូបាយដា អាល ស្ហេក អាល អ៊ីដ (Ubaida Al-Sheikh Al-Eid) ត្រូវបានកងទ័ពអ៊ីស្រាអែលបាញ់សម្លាប់នៅតំបន់ អាល ម៉ាវ៉ាស៊ី (Al-Mawasi) ភាគខាងលិចទីក្រុងខាន យូនីស(Khan Yunis)។ នៅក្នុងហេតុការណ៍ដោយឡែកពីគ្នា បុរសម្នាក់ឈ្មោះ ខាមីស សាដ (Khamis Saad) ត្រូវបានសម្លាប់ និងមនុស្ស ១១នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតង់មួយនៅក្នុងជំរំជនភៀសខ្លួនណឺសៀរ៉ាត (Nuseirat) នៅតំបន់កណ្តាលហ្កាហ្សា ស្ទ្រីប។
ប្រភពក្នុងតំបន់ និងសាក្សីឃើញផ្ទាល់ភ្នែក បានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាង ១០លើកពេញមួយថ្ងៃ ដោយបានកំណត់គោលដៅលើផ្ទះប្រជាពលរដ្ឋ តង់ដែលជនភៀសខ្លួនកំពុងស្នាក់នៅ និងដីកសិកម្ម។ មិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗពីខាងកងទ័ពអ៊ីស្រាអែលពាក់ព័ន្ធនឹងការវាយប្រហារទាំងនេះនៅឡើយទេ។ សារព័ត៌មាន Channel 12 របស់អ៊ីស្រាអែលបានរាយការណ៍ថា កងទ័ពបានចាប់ផ្តើមបើកការវាយប្រហារលើឃ្លាំងអាវុធរបស់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា។
នៅព្រឹកថ្ងៃអង្គារ ជនជាតិប៉ាឡេស្ទីន ២នាក់ទៀត ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប នេះបើយោងតាមប្រភពប៉ាឡេស្ទីន។ ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចូលជាធរមាននៅខែតុលា ឆ្នាំ២០២៥ មក ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១.៣៥២នាក់ និងបង្ករបួសដល់មនុស្ស ៤.៥១១នាក់ផ្សេងទៀត នេះបើតាមប្រភពអាជ្ញាធរសុខាភិបាលប្រចាំនៅតំបន់ហ្កាហ្សា។ អាជ្ញាធរបានបន្ថែមក្នុងរបាយការណ៍ប្រចាំថ្ងៃថា ចំនួនអ្នកស្លាប់សរុបចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បានកើនឡើងដល់ ៧៣.៦៥៨នាក់ និងមនុស្សចំនួន ១៧៤.៦២២នាក់រងរបួស៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦










