ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខបានសម្លាប់ភេរវករ ១១នាក់ដែលជាសមាជិករបស់ក្រុម Fitna al Hindustan ដែលត្រូវបានគេចោទប្រកាន់ថា ជាក្រុមប្រូកស៊ីរបស់ឥណ្ឌា ក្នុងប្រតិបត្តិការផ្អែកលើព័ត៌មានស៊ើបការណ៍ (IBOs) នៅស្រុក Kharan និង Washuk នៃខេត្តបាឡូជីស្ថាន។ សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយ Inter-Services Public Relations (ISPR) បានឱ្យដឹងថា៖“នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមភេរវករប៉ុនប៉ងបិទផ្លូវនៅក្នុងតំបន់ខារ៉ាន (Kharan) ដើម្បីរំខានដល់ចរាចរណ៍ក្នុងតំបន់។ កងកម្លាំងសន្តិសុខបានស្ទាក់ចាប់ និងប្រយុទ្ធជាមួយពួកភេរវករភ្លាមៗ ដែលជាលទ្ធផលបានសម្លាប់ក្រុមភេរវកចំនួន ៨នាក់ ដែលទទួលការឧបត្ថម្ភពីឥណ្ឌា” ។ ក្នុងការប្រយុទ្ធគ្នាមួយផ្សេងទៀតកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិបត្តិការផ្អែកលើព័ត៌មានស៊ើបការណ៍ ដែលត្រូវបានរៀបចំផែនការយ៉ាងច្បាស់លាស់ ត្រូវបានធ្វើឡើងនៅក្នុងស្រុកវ៉ាស្ហូក (Washuk) បន្ទាប់ពីទទួលបានព័ត៌មានអំពីវត្តមានរបស់ក្រុមភេរវករ។
សេចក្ដីប្រកាសព័ត៌មានបានបន្តទៀតថា អំឡុងពេលធ្វើប្រតិបត្តិការ កងទ័ពរបស់ខ្លួនបានវាយបំបែកទីតាំងលាក់ខ្លួនរបស់ពួកភេរវករយ៉ាងមានប្រសិទ្ធភាព ហើយបន្ទាប់ពីមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លា ភេរវករ ៣នាក់ត្រូវបានសម្លាប់។ កងកម្លាំងសន្តិសុខថែមទាំងបានរកឃើញ និងរឹបអូសសារធាតុផ្ទុះ ២.៩តោន ដែលត្រូវបានប្រើប្រាស់សម្រាប់ផលិតគ្រឿងផ្ទុះកែឆ្នៃផងដែរ។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា “ប្រតិបត្តិការបោសសម្អាតតំបន់ កំពុងត្រូវបានអនុវត្តដើម្បីកម្ចាត់ក្រុមភេរវករដែលទទួលបានការឧបត្ថម្ភពីឥណ្ឌាផ្សេងទៀត ប្រសិនបើរកឃើញមានវត្តមាននៅក្នុងតំបន់នេះ។ យុទ្ធនាការប្រឆាំងភេរវកម្មឥតឈប់ឈរក្រោមចក្ខុវិស័យ “Azm e Istehkam” (ដែលត្រូវអនុម័តដោយគណៈកម្មាធិការសហព័ន្ធ Apex ស្តីពីផែនការសកម្មភាពជាតិ) ដោយកងកម្លាំងសន្តិសុខ និងទីភ្នាក់ងារអនុវត្តច្បាប់របស់ប្រទេសប៉ាគីស្ថាន នឹងបន្តអនុវត្តយ៉ាងពេញទំហឹង ដើម្បីលុបបំបាត់ការគំរាមគំហែងនៃអំពើរភេរវកម្មដែលទទួលការឧបត្ថម្ភ និងការគាំទ្រពីបរទេសចេញពីប្រទេស។”
ប្រភព nation.com ចុះផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦










