Wednesday, September 16, 2026

មន្ត្រីស៊ើបការណ៍សម្ងាត់ ៣នាក់ និងក្រុមសកម្មប្រយុទ្ធ ៤នាក់ស្លាប់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម

0

ប្រទេសអ៊ីរ៉ង់៖ យ៉ាងហោចណាស់មនុស្ស ៧នាក់ត្រូវបានសម្លាប់ ក្នុងនោះមានមន្ត្រីស៊ើបការណ៍សម្ងាត់ ៣នាក់ និងភេរវករ ៤នាក់ ក្នុងប្រតិបត្តិការរបស់កងកម្លាំងសន្តិសុខអ៊ីរ៉ង់ដើម្បីបង្ក្រាប “ក្រុមភេរវករអាជីព” មួយ នៅខេត្តស៊ីស្ថាន និងខេត្តប៉ាឡូជីស្ថានភាគខាងត្បូងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ទី១២ ខែកញ្ញា។

កងទ័ពឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ (IRGC) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការណ៍របស់ខ្លួននៅលើបណ្តាញសារព័ត៌មានសេផាហ ញូវស៍ (Sepah News) ដោយបញ្ជាក់ថា​ ប្រតិបត្តិការរួមគ្នានេះត្រូវបានធ្វើឡើងដោយកងកម្លាំងសន្តិសុខអ៊ីរ៉ង់ មន្ត្រីស៊ើបការណ៍សម្ងាត់ និងកងកម្លាំងប៉ូលិសអ៊ីរ៉ង់នៅក្នុងស្រុកសារ៉ាវ៉ាន់(Saravan)។

ប្រភពបានបន្ថែមថា អាវុធជាច្រើនដើម រំសេវ និងគ្រឿងផ្ទុះជាច្រើន ត្រូវបានរឹបអូសពីទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ។ ប្រភពដដែលបានបញ្ជាក់បន្ថែមថា បន្ទាប់ពី “ទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរលើសមរភូមិយោធា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបញ្ជាឱ្យក្រុមភេរវករបង្កអសន្តិសុខនៅខេត្តស៊ីស្ថាន(Sistan) និងខេត្តប៉ាឡូជីស្ថាន (Baluchestan) ក្នុងគោលបំណងបិទបាំងការបរាជ័យរបស់ពួកគេ

បើតាមប្រភពសេផាហ ញូវស៍ (Sepah News) សមាជិករបស់ក្រុមដែលត្រូវបានបង្ក្រាបនេះ មានបំណងធ្វើប្រតិបត្តិការភេរវករនៅក្នុងស្រុកសារ៉ាវ៉ាន់(Saravan)។ គួរបញ្ជាក់ផងដែរថា ខេត្តស៊ីស្ថាន និងខេត្តប៉ាឡូជីស្ថាន គឺជាខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន  បានប្រឈមនឹងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងកងកម្លាំងសន្តិសុខអ៊ីរ៉ង់ ពួកសកម្មប្រយុទ្ធ និងពួកជួញដូរគ្រឿងញៀន៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here