Tuesday, October 27, 2026

លោក​​ ម៉ាក្រុង៖ ការបាញ់ប្រហារនៅទីក្រុងប៉ារីសជាអំពើភេរវកម្ម និងការរើសអើងពូជសាសន៍

0

លោកម៉ាក្រុង (Macron) បានប្រាប់អ្នកយកព័ត៌មានថា “អ្វីដែលបានកើតឡើងនៅថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ថា គឺពិតជារបត់ថ្មីមួយ ដោយសារនេះជាលើកដំបូងហើយដែលយើងបានប្រឈមនឹងអំពើរភេរវកម្មដែលត្រូវបានរៀបចំឡើងដើម្បីសម្លាប់ជនរួមជាតិរបស់យើង រួមទាំងកុមារផងដែរដោយផ្អែកលើពណ៌សម្បុរ ឬសាសនា”។ ការបាញ់ប្រហារបានកើតឡើងនៅព្រឹកថ្ងៃសុក្រ ទី​២៣​ ខែតុលា ឆ្នាំ២០២៦ ដោយក្មាន់កាំភ្លើងបានប្រើប្រាស់អាវុធស្វ័យប្រវត្តិបាញ់ទៅលើស្ថានីយ៍ប្រេងឥន្ធនៈ មណ្ឌលសុខភាព និងសួនកុមារនៅក្នុងសង្កាត់ត្រាប៉េស (Trappes) ជាយក្រុងប៉ារីស។

 តាមព័ត៌មានផ្លូវការបានឲ្យដឹងថាជនសង្ស័យមានវ័យ៣៩ឆ្នាំម្នាក់ ឈ្មោះ ខេវិន ធី (Kevin T) ត្រូវបានចាប់ខ្លួន។ ត្រកូលរបស់គាត់មិនត្រូវបានបញ្ចេញដោយសារនេះគឺជាការនុវត្ត​ក្នុង​ការ​ស៊ើបអង្កេតលើបទ​ឧក្រិដ្ឋបែប​នេះ​នៅក្នុង​ប្រទេស​បារាំង។ ការបាញ់ប្រហារកើតឡើងក្នុងពេលដែលស្ថានភាពនៅក្នុងប្រទេសបារាំងកំពុងមានភាពតានតឹងខ្លាំង បន្ទាប់ពីមានការតវ៉ានៅទូទាំងប្រទេសកាលពីថ្ងៃសោរ៍សប្តាហ៍មុនបានក្លាយជាអំពើហិង្សា និងមុនពេលមានការតវ៉ាបន្ថែមផ្សេងទៀតដែលនឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍នេះ។

 អ្នកនយោបាយស្តាំនិយមមួយចំនួនបានចោទប្រកាន់ជនអន្តោប្រវេសន៍ថាជាអ្នកបង្កឲ្យមានអំពើលួចប្លន់ និងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងទីក្រុងមួយចំនួនរបស់បារាំងកាលពីថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២៦។ លោក ម៉ាក្រុង បាននិយាយថាខ្មាន់កាំភ្លើងរូបនេះមានចេតនាមិនបាញ់ទៅលើមនុស្សមួយចំនួនដោយផ្អែកលើពណ៌សម្បុរ និងរូបរាងរបស់ពួកគេ។ ការិយាល័យ​រដ្ឋអាជ្ញា​ប្រឆាំង​ភេរវកម្ម​ដែល​មានឈ្មោះកាត់ថា PNAT បាន​បើក​ការ​ស៊ើបអង្កេត​ជា​ផ្លូវការ​លើ​ការ​បាញ់​ប្រហារ​នេះ។

 សូមបញ្ជាក់ផងដែរថា PNAT អាចមានសិទ្ធក្នុងការស៊ើបអង្កេតលើបទឧក្រិដ្ឋណាមួយ ប្រសិនបើស្ថាប័ននេះយល់ឃើញថាករណីដែលកើតឡើងត្រូវតាមលក្ខណៈវិនិច្ឆ័យនៃអំពើភេរវកម្ម រួមទាំងអំពើហិង្សាដែលកើតចេញពីមនោគមវិជ្ជាជ្រុលនិយមផងដែរ។ ការផ្តន្ទាទោសចំពោះការប្រព្រឹត្តិអំពើភេរវកម្មគឺធ្ងន់ធ្ងរ ហើយកងកម្លាំងប្រឆាំងភេរវកម្មមានអំណាចក្នុងការស៊ើបអង្កេតទូលំទូលាយផងដែរ។

 ទូរទស្សន៍ BFM បានរាយការណ៍ថា ក្មេងស្រីម្នាក់ដែលរងរបួស ត្រូវគ្រាប់ចំនួន៨គ្រាប់ ហើយនាងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចៅសង្កាត់ត្រាប៉េស (Trappes) លោក អាលី រ៉ាបេ (Ali Rabeh) ដែលឪពុកម្តាយរបស់គាត់មកពីប្រទេសម៉ារ៉ុកបាននិយាយថា ការបាញ់ប្រហារនេះគឺជា“ការរើសអើងពូជសាសន៍” និង “ការស្អប់ខ្ពើមសាសនាឥស្លាម”។ លោក រ៉ាបេ បាននិយាយថា “ជនរងគ្រោះដែលជាគោលដៅវាយប្រហារនៅថ្ងៃនេះអាចជាម្តាយរបស់ខ្ញុំ បងប្អូនប្រុស ឬបងប្អូនថ្លៃស្រីរបស់ខ្ញុំក៏ថាបាន”។

លោក រ៉េបេ បានអំពាវនាវឲ្យមានការថ្កោលទោសរួមលើវោហាសាស្ត្រដែល “វាជាអាវុធមនោគមវិជ្ជាសម្រាប់បុគ្គលដែលមានលទ្ធភាពប្រព្រឹត្តអំពើបែបនេះ”។ លោក នីកូឡាស ដេនវ៉ីល (Nicolas Dainville) អភិបាលក្រុងឡាវីរីយ៉េ (La Verriere) ដែលនៅជិតសង្កាត់កើតហេតុ បាននិយាយថាជនសង្ស័យមានរូបរាងដូចជនជាតិអឺរ៉ុប។ លោក រ៉ាបេ បាននិយាយទៀតថា ជនរងគ្រោះ២នាក់មានដើមកំណើតមកពីអាហ្វ្រិក និងអាហ្វ្រិកខាងជើង ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រវត្តិជនរងគ្រោះផ្សេងទៀតទេ។ រូបភាពវីដេអូបានបង្ហាញឲ្យឃើញរថយន្តជនសង្ស័យមានស្លាកស្នាមគ្រាប់កាំភ្លើងនៅពាសពេញ៕

ប្រភព arynews.tv ចុះផ្សាយឡើងវិញថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here