ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៦
យោងតាមមន្រ្តីប៉ូលីសបានអោយដឹងថាជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារនៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុលដែលបានសម្លាប់ជនបរទេសយ៉ាងហោចណាស់ ១០នាក់ដែលភាគច្រើនជាជនជាតិអាល្លឺម៉ង់ និង១៥នាក់ផ្សេងទៀតរងរបួស។ ប៉ូលីសបាននិយាយថាជនសង្ស័យជាជនជាតិ Saudi Arabian។ លោក Frank Walter Steinmeier រដ្ឋមន្រ្តីការបរទេសអាឡឺម៉ង់បានឱ្យដឹងថាយ៉ាងហោចណាស់ជនជាតិអាល្លឺម៉ង់ ៨នាក់ស្លាប់និង ៩នាក់ផ្សេងទៀតរងរបួសធ្ងន់នៅក្នុងការវាយប្រហារនេះ។ លោកនិយាយថាជាច្រើនឆ្នាំមកហើយដែលយើងមិនដែលទទួលការវាយប្រហារដោយភេរវករដូចនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលនេះទេ។ បើយោងតាមទីភ្នាក់ងារព័ត៌មាន Dogan ជនរងគ្រោះម្នាក់ជាជនជាតិន័រវេស និងម្នាក់ទៀតជាជនជាតិប៉េរ៉ូ។ ក្រោយមកក្រសួងការបរទេសរបស់ប្រទេសន័រវេសបានបញ្ជាក់ថាពលរដ្ឋន័រវេសម្នាក់បានរងរបួសនៅក្នុងការផ្ទុះនេះហើយកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់។ ក្រសួងការបរទេសរបស់ប្រទេសប៉េរ៉ូក៏បានបញ្ជាក់ផងដែរថាមានបុរសជនជាតិប៉េរ៉ូម្នាក់បានស្លាប់ និងស្ត្រីម្នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះ។ លោកឧបនាយករដ្ឋមន្ត្រី Numan Kurtulmu បានថ្លែងក្នុងអំឡុងសន្និសីទកាសែតមួយថាជនបំផ្ទុះគ្រាប់បែកអត្តឃាតត្រូវបានកំណត់ថាជាជនជាតិស៊ីរីកើតក្នុងឆ្នាំ ១៩៨៨ ហើយភាគច្រើននៃជនរងគ្រោះនៃការផ្ទុះនេះគឺជាជនបរទេស។ ក្រោយមកទីភ្នាក់ងារព័ត៌មាន Dogan បានរាយការណ៍ថា ជនសង្ស័យរូបនេះត្រូវបានកំណត់ថាជាជនជាតិអារ៉ាប៊ីសាអូឌីត ឈ្មោះ Nabil Fadlı។