ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៦
ពួកសកម្មប្រយុទ្ធ ៣០នាក់និងទាហាន ៤នាក់ផ្សេងទៀតបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ក្នុងការប៉ះទង្គិចគ្នានៅភាគខាងជើងក្រុង Sinai បើយោងតាមអ្នកនាំពាក្យយោធាអេហ្ស៊ីប។ លោកឧត្តមសេនីយ៍ Mohamed Samir និយាយថាអំពើហិង្សានេះបានផ្ទុះឡើងនៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយកន្លែងនៅក្រុង Sheikh Zuweid។ ក្រុម ISIS អះអាងទទួលខុសត្រូវចំពោះការវាយប្រហារដែលកំណត់គោលដៅមកលើពួកកងទ័ព។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានអះអាងថាកងទ័ពអេហ្ស៊ីបបានព្យាយាមជំរុញទៅមុខឆ្ពោះទៅកាន់ភូមិ Tomas តែពួកសកម្មប្រយុទ្ធទទួលជោគជ័យក្នុងការវាយប្រហារបង្ខំឱ្យកងទ័ពត្រឡប់ថយក្រោយវិញដោយធ្វើការវាយប្រហារនិងសម្លាប់យោធាទាំងនោះ។ គួរបញ្ជាក់ផងដែរថាកងកម្លាំងសន្តិសុខបានប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ឋកងជីវពលនៅភាគខាងជើង Sinai អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កាលពីមុនក្រុម ISIS ក៏បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនានានៅក្នុងទីក្រុងស៊ីណៃផងដែរ ដែលមានមនុស្សរាប់រយនាក់ត្រូវស្លាប់ដោយក្រុមភេរវកម្ម។