ពួកសកម្មប្រយុទ្ធក្រុម ISIS បញ្ជាឱ្យវាយប្រហារក្រុងហ្សាការតាពីក្រៅប្រទេស

0

ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៥ ខែ​ មករា ឆ្នាំ ២០១៦

សកម្មប្រយុទ្ធម្នាក់ដែលប៉ូលីសចោទប្រកាន់ពីបទវាយប្រហារភេរវកម្មនៅទីក្រុងហ្សាការតាកាលពីថ្ងៃព្រហស្បតិ៍នេះ គឺបញ្ជាអោយដៃជើងរបស់ខ្លួនដែលស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីដំណើរការការវាយប្រហារ នេះបើយោងតាមមេប៉ូលិសក្រុងហ្សាការតាលោក Tito Karnavian។ លោក Karnavian និយាយទៅកាន់បណ្តាញសារព័ត៌មាន CNN មួយថ្ងៃបន្ទាប់ពីការវាយប្រហារបានផ្ទុះឡើងដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងរបួស ២៤នាក់នោះ ព្រមទាំងបង្កើនការព្រួយបារម្ភអំពីអំពើភេរវកម្មដែលអាចកើតមានឡើងនៅក្នុងប្រទេសទាំងអស់ក្នុងពិភពលោកដែលមានប្រជាជនម៉ូស្លីមរស់នៅច្រើន។ ក្រុម ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការមួយដែលបានបង្ហោះតាមអ៊ីនធឺណិតដោយក្រុមនេះ។ លោក Karnavian និយាយថាយើងបានទទួលដំណឹងពីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យើងថាបុគ្គលម្នាក់ដែលមានឈ្មោះ Bahrun Naim បានណែនាំដៃជើងរបស់ខ្លួនដែលនៅក្នុងប្រទេសឥណ្ឌូនេស៊ីដើម្បីដំណើរការការវាយប្រហារនេះ។ គួរបញ្ជាក់ផងដែរថា Naim បុរសម្នាក់ដែលប៉ូលីសជឿជាក់ថាកំពុងរស់នៅក្នុងប្រទេសស៊ីរីធ្លាប់ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរឥណ្ឌូនេស៊ីនៅក្នុងឆ្នាំ ២០១០ ពីបទផ្ទុកគ្រាប់រំសេវខុសច្បាប់ហើយត្រូវបាននាំមកកាត់ទោសជាប់ពន្ឋធានាគាររយៈពេល ២​ឆ្នាំកន្លះ។ លោក Karnavian បន្តថាបន្ទាប់ចេញពីពន្ឋធានាគារមកសកម្មប្រយុទ្ធម្នាក់នេះបានចាកចេញពីប្រទេសឥណ្ឌូនេស៊ី ទៅ Raqqa ដែលមានតួនាទីជាថ្នាក់ដឹកនាំដ៏ធំម្នាក់នៃក្រុម ISIS។

Jakata 15-01-16