ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៦
អង្គការសហប្រជាជាតិបានថ្លែងនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានឲ្យដឹងថាជនស៊ីវិលជាង ១៨,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីខែមករាឆ្នាំ ២០១៤ ខណៈដែលអំពើហិង្សានៅតែបន្តបំផ្លាញប្រទេសនេះ។ យោងតាមរបាយការណ៍ប្រជាជនជាង ៣៦,០០០នាក់បន្ថែមទៀតរងរបួស និងជាង៣លាននាក់ផ្លាស់ទីលំនៅដោយគិតចាប់ពីចន្លោះថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៤ ដល់ ថ្ងៃទី ៣១ តុលា ឆ្នាំ ២០១៥។ របាយការណ៍ដដែលក៏បានបង្ហាញថាចំនួននេះរួមទាំងករណីដែលឯកសារបានចងក្រងស្រាប់ តែបើនិយាយឲ្យពិតទៅចំនួនអ្នកស្លាប់អាចនឹងខ្ពស់ជាងនេះ។ ជនស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ាក់នៅតែទទួលរងអំពើហិង្សាគួរឱ្យភ្ញាក់ផ្អើល។ ក្រុមដែលហៅថា “រដ្ឋអ៊ីស្លាមនៃប្រទេសអ៊ីរ៉ាក់និង Levant” នៅតែបន្តប្រព្រឹត្តអំពើហិង្សាជាប្រព័ន្ធ និងរីករាលដាល និងការរំលោភច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌។ សកម្មភាពទាំងនេះអាចកើតឡើងនូវចំនួននៃឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអាចមានអំពើប្រល័យពូជសាសន៍។ របាយការណ៍នេះត្រូវបានចងក្រងដោយក្រុមបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់ និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស។ ចំនួននេះត្រូវបានផ្អែកយ៉ាងទូលំទូលាយនៅលើសក្ខីភាពដែលទទួលបានដោយផ្ទាល់ពីជនរងគ្រោះដែលនៅរស់រានមានជីវិតឬសាក្សី។ របាយការណ៍នេះបានលម្អិតនូវ ទស្សនីយភាពជាសាធារណៈគួរឱ្យភ័យខ្លាចនៃការបាញ់បោះ ការកាត់ក្បាល ការបំភ័យ ការដុតសម្លាប់មនុស្សទាំងរស់ និងបោះមនុស្សចេញពីកំពូលនៃអគារ។ របាយការណ៍នេះទៀតសោតក៏បានបញ្ជាក់ផងដែរថាមានកូនក្មេងរហូតដល់ទៅ ៩០០នាក់ ក្នុងទីក្រុង Mosul អាចត្រូវបានគេចាប់ពង្រត់សម្រាប់គោលដៅបណ្តុះបណ្តាលខាងសាសនា និងយោធាដោយរដ្ឋអ៊ីស្លាម។ ហើយក្រុម ISIS នេះនៅតែបន្តដាក់ស្ត្រី និងកុមាឲ្យស្ថិតក្នុងអំពើហិង្សាផ្លូវភេទ ជាពិសេសក្នុងទម្រងនៃទាសភាពផ្លូវភេទ។