ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៦
យ៉ាងហោចណាស់មានមនុស្ស ៧នាក់បានស្លាប់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តជិតស្ថានទូតរុស្ស៊ីប្រចាំទីក្រុងកាប៊ុល។ មន្ត្រីប្រទេសអាហ្វហ្គានីស្ថាននិយាយថាជាក់ស្តែងភេរវករកំណត់គោលដៅវាយប្រហារមកលើរថយន្តដឹកអ្នកកាសែតក្នុងស្រុកមួយគ្រឿង។ មានមនុស្ស ២០នាក់ផ្សេងទៀតក្នុងនោះរួមមានទាំងស្ត្រីនិងកុមារបានរងរបួសនៅក្នុងការវាយប្រហារនេះ។ យោងតាមអ្នកនាំពាក្យស្ថានទូតលោក Alexey Kosarev អោយដឹងថាការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តនេះកើតឡើងនៅលើផ្លូវ Darul Aman។ លោកបន្តថាមិនមានអ្នកស្លាប់និងរបួសក្នុងចំណោមបុគ្គលិកស្ថានទូតនោះទេ។ មេប៉ូលីសក្រុងកាប៊ុលលោក Abdul Rahman Rahimi ប្រាប់អ្នកកាសែតដោយមិនបានបញ្ជាក់អំពីព័ត៌មានជាក់លាក់ណាមួយទាក់ទងទៅនឹងអ្នកស្លាប់និងរងរបួសនៅក្នុងចំណោមអ្នកកាសែតថាជនបំផ្ទុះគ្រាប់បែកអត្តឃាតនេះកំណត់គោលដៅមកលើរថយន្តមួយគ្រឿងរបស់ក្រុមហ៊ុនមួយដែលបំរើការអោយ Afghan Tolo News ដែលជាប៉ុស្តិ៍ទូរទស្សន៍ព័ត៌មាន ២៤ម៉ោងរបស់ប្រទេសនេះ។ គួរបញ្ជាក់ផងដែរថាពួកតាលីបង់បើកការគំរាមកំហែងដោយចំហមកលើស្ថានីយទូរទស្សន៍នេះតាំងពីឆ្នាំ ២០១៥ បន្ទាប់ពីទូរទស្សន៍នេះបានផ្សព្វផ្សាយពីការសម្លាប់ការរំលោភផ្លូវភេទ ការចាប់ជំរិតផ្សេងៗដែលធ្វើឡើងដោយពួកសកម្មប្រយុទ្ធតាលីបង់ក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងទីក្រុង Kunduz ភាគខាងជើងអាហ្វហ្គានីស្ថានដែលពួកឧទ្ទាមបានវាយយកទីក្រុងនេះកាលពីឆ្នាំមុននោះ។ ទោះជាយ៉ាងណាក៏ដោយមិនទាន់មានជនណាម្នាក់ចេញមុខមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។