ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៦
ស្រ្តីដែលជាម៉ែដោះថែទាំក្មេងម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទកាត់ក្បាលក្មេងស្រីអាយុ ៤ឆ្នាំម្នាក់នៅទីក្រុងម៉ូស្គូ និងបានគ្រវីក្បាលរបស់ក្មេងស្រីនោះនៅខាងក្រៅស្ថានីយ៍រថភ្លើងក្រោមដីបានប្រាប់អ្នកកាសែតមុនពេលឡើងសវនាការថា “ព្រះអាឡស់បញ្ជាឱ្យនាងសម្លាប់កុមារីនោះ”។ ស្រ្តីឈ្មោះ Gulchehra Bobokulova មកពី អ៊ូបេគីស្ថាន (Uzbekistan) បង្ហាញខ្លួននៅតុលាការនៅថ្ងៃពុធនេះពីបទឃាតកម្មសម្លាប់ក្មេងស្រីដែលស្ថិតក្នុងការថែទាំរបស់នាង។ នាងត្រូវគេឃុំខ្លួនកាលពីថ្ងៃចន្ទនៅក្បែរស្ថានីយរថភ្លើងក្រោមដី Oktyabrskoe Polye ភាគពាយព្យនៃក្រុងម៉ូស្គូ ជាកន្លែងដែលនាងគ្រវីក្បាលរបស់កុមារីម្នាក់នោះនិងស្រែកថា “Allahu Akbar ខ្ញុំគឺជាភេរវករ ខ្ញុំគឺជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត”។ ស្រ្តីម៉ែដោះកំណាចម្នាក់នេះមិនបាននិយាយអ្វីច្រើននៅក្នុងតុលាការក្រៅពីញញឹមនោះទេ។ នាងបញ្ជាក់យ៉ាងខ្លីថានាងកើតក្នុងឆ្នាំ១៩៧៧ ហើយមានកូន ៣នាក់។ ស្រ្តីម្នាក់នេះនឹងត្រូវត្រួតពិនិត្យដោយពេទ្យវិកលចរិតបន្ទាប់ពីគណៈកម្មាធិការស៊ើបអង្កេតបានកត់សម្គាល់ឃើញភាពមិនប្រក្រតីលើបុគ្គលិកលក្ខណៈរបស់នាង។ ការស៊ើបអង្កេតក៏បានបញ្ជូលថាតើស្រ្តីម្នាក់នេះត្រូវគេញុះញង់ និងជំរុញដោយនរណាម្នាក់ឬយ៉ាងណាក្នុងការសម្លាប់ក្មេងស្រីនោះ។