មនុស្សរាប់សិបនាក់ត្រូវជម្លៀសចេញខណៈដែលរកឃើញឃ្លាំងអាវុធ និងគ្រឿងផ្ទុះនៅក្នុងបន្ទប់ក្រោមដីនាក្រុងម៉ូស្គូ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៦

ពលរដ្ឋរស់នៅក្នុងតំបន់ជាង ១០០នាក់ត្រូវជម្លៀសចេញពីអគារផ្ទះល្វែងមួយកន្លែងនៅភាគនិរតីទីក្រុងម៉ូស្គូបន្ទាប់ពីមន្រ្តីប៉ូលីសបានរកឃើញឃ្លាំងផ្ទុករំសេវ និងគ្រឿងផ្ទុះនៅក្នុងបន្ទប់ក្រោមដី។ មិនទាន់មានព័ត៌មានច្បាស់លាស់ទាក់ទងទៅនឹងទំហំឃ្លាំងនេះនៅឡើយទេ។ ទន្ទឹមនេះ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានរាយការណ៍ថាមនុស្សយន្តដោះមីនត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុរួមជាមួយប្រអប់ពិសេសមួយសម្រាប់ការដឹកជញ្ជូនសម្ភារៈគ្រោះថ្នាក់។ យោងតាមសេចក្តីរាយការណ៍ពី TASS “អាវុធ និងគ្រាប់រំសេវដែលរកឃើញនៅក្នុងបន្ទប់ក្រោមដីផ្លូវ Kulikov ត្រូវបានយកចេញ និងធ្វើការពិសោធន៍។ ពេលនេះពលរដ្ឋដែលជម្លៀសខ្លួនកំពុងវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញ”។ ប្រភពដដែលបាននិយាយថាគ្រឿងផ្ទុះ និងអាវុធទាំងនេះជាកម្មសិទ្ធិរបស់ក្រុមបងធំមួយក្រុម ដែលបានចាប់ខ្លួនកន្លងមក។ ឃ្លាំងអាវុធនេះត្រូវគេរាយការណ៍ថាបានដាក់នៅក្នុងបន្ទប់ក្រោមដីផ្ទះល្វែងនេះក្នុងអំឡុងឆ្នាំ ១៩៩០៕

Mosco 23-04-16