ប្រធានាធិបតីទួរគីស្តីបន្ទោសប្រទេសលោកខាងលិចពីភាពខ្វះខាតការគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម

0

ប្រភពព័ត៌មានពី Straitstimes ចេញផ្សាយថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៦

ប្រធានាធិបតីទួរគី លោក តាយីប អឺដូហ្គេន បានស្តីបន្ទោសសម្ព័ន្ធមិត្តលោកខាងលិចរបស់ទីក្រុងអង់ការ៉ាពីការបរាជ័យក្នុងការគាំទ្រ ប្រទេសទួរគីក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ លោកនិយាយដោយប្រើអក្សរកាត់ជាភាសាអារ៉ាប់ទៅក្រុមរដ្ឋអ៊ីស្លាមថាគ្មានប្រទេសណាមួយអះអាងទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរីនោះទេ។ លោកបន្ថែមថាពួកគេទុកយើងអោយនៅម្នាក់ឯងនៅក្នុងការទប់ទល់ប្រឆាំងនឹងក្រុមនេះ ដែលធ្វើឲ្យពួកយើងទទួលរងការវាយប្រហារដោយគ្រាប់បែក។ ការកត់សំគាល់របស់លោកបានធ្វើឡើងបន្ទាប់ពីប្រទេសទួរគីបាញ់គ្រាប់ផ្លោងសំលាប់ក្រុមបះបោររដ្ឋអ៊ីស្លាម ៥៥នាក់នៅភាគខាងជើងប្រទេសស៊ីរីក្នុងការសងសឹកដោយការវាយប្រហារគ្រាប់រ៉ូកែតរយៈពេលជាច្រើនសប្តាហ៍នៅព្រំដែនប្រទេសទួរគី។ គួរបញ្ជាក់ថាយោធាទួរគីតែងតែឆ្លើយតបការវាយប្រហារដោយប្រើកាំភ្លើងធំវាយចូលទៅក្នុងភាគខាងជើងប្រទេសស៊ីរី ប៉ុន្តែក្រុមមន្ត្រីបាននិយាយថាវាជាការលំបាកក្នុងការវាយប្រហារគោលដៅក្រុមរដ្ឋអ៊ីស្លាម ហើយពួកគេត្រូវការជំនួយបន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិចក្នុងការការពារទីក្រុងគីលីស និងព្រំដែន៕

Turkey 10-05-16