មនុស្ស 17 នាក់ស្លាប់ក្នុងភ្លើងឆេះនៅឃ្លាំងរំសេវកងទ័ពឥណ្ឌា

0

ក្រុង New Delhi – ក្រសួងការពារជាតិបានឱ្យដឹងថាភ្លើងបានឆេះនៅក្នុងឃ្លាំងរំសេវសំខាន់មួយនៅភាគខាងលិចប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារនេះ បានសម្លាប់បុគ្គលិកយោធាយ៉ាងហោចណាស់17នាក់ ហើយបើយោងតាមលោក Nitin Wakankar អ្នកនាំពាក្យក្រសួងបានឱ្យដឹងទៀតថាយ៉ាងហោចណាស់មានមនុស្ស 19នាក់ផ្សេងទៀតបានរងរបួសក្នុងគ្រោះអគ្គិភ័យនេះ។ សម្រាប់ការរាយការណ៍ពីទូរទស្សន៍ New Delhi បានឲ្យដឹងថាអ្នកភូមិប្រហែល 1000 នាក់ត្រូវបានជម្លៀសចេញពីជុំវិញតំបន់នោះ។ មូលហេតុនៃការឆេះនេះភ្លាមៗមិនត្រូវបានដឹងនៅឡើយទេ។ លោក Devendra Fadnavis ប្រធានរដ្ឋ Maharashtra ដែលជាកន្លែងដែលមានឃ្លាំងកំពុងឆេះស្ថិតនៅនេះបានប្រាប់អ្នកកាសែតថាអគ្គិភ័យនេះបានបង្កឱ្យមានការបាត់បង់យ៉ាងធំនៃជីវិត និងទ្រព្យសម្បត្តិ។ លោក Fadnavis បានឲ្យដឹងទៀតថា រដ្ឋាភិបាលនៃរដ្ឋនេះបានកំពុងបង្កើតនូវធនធាន      ផ្សេៗដើម្បីប្រើប្រាស់ជាប្រយោជន៍ដើម្បីជួយដល់ទាហានដើម្បីគ្រប់គ្រងស្ថានការណ៍នេះ ហើយក៏បានធានាថាមន្ទីរពេទ្យក្នុងតំបន់ទាំងអស់ត្រូវបានផ្គត់ផ្គងដើម្បីដោះស្រាយបានយ៉ាងល្អជាមួយអ្នករបួស ដែលបានកំពុងនាំមកកាន់មន្ទីរពេទ្យ។ លោកនាយករដ្ឋមន្រ្តី Narendra Modi បាននិយាយថារូបលោកមានការឈឺចាប់ចំពោះការបាត់បង់ជីវិតនៅក្នុងភ្លើងឆេះនេះ និងបានបន្ថែមទៀតថារូបលោកបានស្នើដល់រដ្ឋមន្រ្តីក្រសួងការពារជាតិចុះទៅសួរសុខទុក្ខនៅក្នុងតំបន់រងគ្រោះនេះ។ សូមបញ្ជាក់ផងដែរថាឃ្លាំងរំសេវ Pulgao គឺឃ្លាំងដ៏ធំជាងគេងក្នុងប្រទេសឥណ្ឌាដែលមានទីតាំងស្ថិតនៅក្នុងស្រុក Wardha នៃរដ្ឋ Maharashtra។

636002711894443793-AP-INDIA