ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦
ជនជាតិស៊ីរី៣នាក់ដែលរៀបចំគម្រោងការវាយប្រហារអត្តឃាតសម្រាប់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅទីក្រុង Duesseldorf ប្រទេសអាល្លឺម៉ង់ត្រូវបានចាប់ខ្លួន។ គម្រោងការនេះត្រូវបែកធ្លាយបន្ទាប់ពីសមាជិកទី៤នៃក្រុមនេះរាយការណ៍ប្រាប់មន្រ្តីប៉ូលីសបារាំង។ សេចក្តីលម្អិតនៃគម្រោងការនេះបង្ហាញថាជនវាយប្រហារគ្រាប់បែកអត្តឃាត ២នាក់នឹងបំផ្ទុះខ្លួនរបស់ពួកគេនៅកណ្តាលក្រុង Duesseldorf ខណៈដែលសមាជិកដទៃទៀតនឹងសម្លាប់មនុស្សនៅជុំវិញតំបន់ដោយការប្រើប្រាស់គ្រាប់ផ្ទុះ និងកាំភ្លើង។ ជនសង្ស័យទាំងនេះត្រូវបានកំណត់អត្តសញ្ញាណដោយជនទី១ មានឈ្មោះ Hamza C អាយុ ២៧ឆ្នាំ ទី២ ឈ្មោះ Mahood B អាយុ ២៥ឆ្នាំ និងជនទី៣ ឈ្មោះ Abd Arahman A K អាយុ ៣១ឆ្នាំ ពួកគេទាំង ៣នាក់ត្រូវចាប់ខ្លួននៅកន្លែងផ្សេងគ្នាជុំវិញប្រទេសអាល្លឺម៉ង់។ ទោះជាយ៉ាងណាព្រះរាជអាជ្ញាបានថ្លែងថាមិនមានការចង្អុលបង្ហាញថាក្រុមនេះចាប់ផ្តើមវិធានការការវាយប្រហារនោះទេ ហើយជនសង្ស័យទាំងនេះក៏មិនមានទាក់ទងទៅនឹងគម្រោងការណ៍វាយប្រហារក្នុងការប្រកួតបាល់ទាត់ក្នុងប្រទេសបារាំងនោះដែរ។ គួរបញ្ជាក់ផងដែរថាផែនការវាយប្រហាររបស់ក្រុមនេះបានបែកធ្លាយបន្ទាប់ពីសមាជិកទី៤ នៃក្រុមនេះដែលជាជនជាតិស៊ីរីអាយុ ២៥ឆ្នាំបានប្រគល់ខ្លួនទៅឱ្យប៉ូលិសនៅក្នុងប្រទេសបារាំងកាលពីខែកុម្ភៈ៕