នាយករដ្ឋមន្ត្រីទួរគីបញ្ជាក់ថាក្រុមរដ្ឋអ៊ីស្លាមគឺជាអ្នកវាយប្រហារអាកាសយានដ្ឋាន​ទីក្រុងអ៊ីស្តង់ប៊ុល

0

ប្រភពព័ត៌មានពី The Jerusalem Post ចេញផ្សាយថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៦

នាយករដ្ឋមន្ត្រីទួរគីលោក ប៊ីនណាលី យីលឌីរីម និយាយថាមានភស្តុតាងជាច្រើនដែលបញ្ជាក់ថាក្រុមរដ្ឋអ៊ីស្លាមគឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារទៅលើអាកាសយានដ្ឋានទីក្រុងអ៊ីស្តង់ប៊ុលសម្លាប់មនុស្ស ៣៦នាក់ និងបណ្ដាលឲ្យរងរបួសមនុស្សរាប់រយនាក់កាលពីយប់មិញ។ លោក យីលឌីរីម បញ្ជាក់ថាតាមរយៈការត្រួតពិនិត្យរបស់កងកម្លាំងសន្តិសុខបង្ហាញថាការវាយប្រហារភេរវកម្ម ធ្វើឡើងដោយក្រុមរដ្ឋអ៊ីស្លាម ប៉ុន្តែការស៊ើបអង្កេតកំពុងបន្តចំណែកអាកាសយានដ្ឋានបានបើកដំណើរការឡើងវិញក្រោយរំលងអាធ្រាត ។ សូមបញ្ជាក់ថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ៣នាក់បានបំផ្ទុះខ្លួនឯងក្នុងអាកាសយានដ្ឋានទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ ដំបូង ប៉ូលិសបាញ់ទៅលើខ្មាន់កាំភ្លើង២នាក់ដែលមានបំណងចូលកន្លែងឆែកឆេរ ដែលបណ្តាលឲ្យអ្នកវាយប្រហារ ៣នាក់ផ្សេងទៀតបំផ្ទុះខ្លួនឯងផ្ទួនៗគ្នា។ មន្ត្រីទួរគីបញ្ជាក់ថាភាគច្រើននៃជនរងគ្រោះគឺជាជនជាតិទួរគី ប៉ុន្តែក៏មានជនបរទេសផងដែរ។ ប៉ូលិសឲ្យដឹងថាការវាយប្រហារដូចទៅនឹងជីវពលដែលបានវាយប្រហារក្នុងអាកាសយានដ្ឋានទីក្រុងព្រុយសែល ប្រទេសបែលហ្ស៊ិកកាលពីខែមិនាឆ្នាំមុន សម្លាប់មនុស្ស ១៦នាក់។ អាកាសយានដ្ឋានទីក្រុងអ៊ីស្តង់ប៊ុល ជាកន្លែងឆ្លងកាត់សំខាន់បំផុតសម្រាប់អ្នកធ្វើដំណើរអន្តរជាតិ។ អាជ្ញាធរបានផ្អាកជើងហោះហើរជាច្រើនជើង ចំណែកអ្នកដំណើរត្រូវបានបញ្ជូនទៅកាន់សណ្ឋាគារ៕

Turkey 29-06-16