ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៦
មន្រ្តីប៉ូលិសនៅអាឡឺម៉ង់ភាគខាងកើតក្នុងទីក្រុង Chemnitz បានឃុំខ្លួនជនសង្ស័យចំនួន៣នាក់ ហើយមន្រ្តីទាំងនោះនៅតែបន្តស្រាវជ្រាវរកជនសង្ស័យដែលគេជឿថារៀបគម្រោងបំផ្ទុះគ្រាប់បែក។ ក្រោយពីមានការចង្អុលបង្ហាញពីភ្នាក់ងារស៊ើបអង្កេត ប៉ូលិសបានឆ្មក់ចូលផ្ទះល្វែងមួយដើម្បីចាប់ខ្លួនលោក Jaber al-Bakr មានអាយុ២២ឆ្នាំ មានកំណើតនៅប្រទេសស៊ីរី។ ក្រោយមកជនសង្ស័យនៅតែបន្តរត់គេចខ្លួន។ គេរកឃើញគ្រឿងផ្ទុះចាស់ៗជាច្រើនរយក្រាម នេះបើយោងតាមប្រភពអ្នកជំនាញស៊ើបអង្កេត។ មនុស្សប្រហែលជា១០០នាក់ត្រូវជម្លៀសចេញពីផ្ទះល្វែងនោះ ហើយគ្រឿងផ្ទុះត្រូវមន្រ្តីជំនាញប្រមូលចេញ។ មនុស្ស២នាក់ដែលមានជាប់ពាក់ព័ន្ធជាមួយ al-Bakr ត្រូវប៉ូលិសឃាត់ខ្លួនបាននៅស្ថានីយ៍រថភ្លើង Chemnitz និងម្នាក់ទៀតឃាត់ខ្លួនបាននៅផ្ទះល្វែងជិតផ្ទះល្វែង Fritz-Heckert នេះបើយោងតាមប្រភពមន្រ្តីជំនាញស៊ើបអង្កេតបទឧក្រិដ។ មន្រ្តីប៉ូលិសបានឲ្យដឹងថា ទីកន្លែង ពេលវេលាបំផ្ទុះគ្រាប់បែក បំផ្ទុះដោយរបៀបណា និងមូលហេតុអ្វី គេពុំទាន់ស្រាវជ្រាវដឹងនៅឡើយទេ ហើយក៏ពុំមានព័ត៌មានណាអះអាងពីពេលពេលវេលាដែលជនសង្ស័យមកដល់ប្រទេសអាឡឺម៉ង់ដែរ។ ប៉ូលិសនៅតែបន្តតាមចាប់ខ្លួនលោក Jaber al-Bakr តាមរយៈការសួរចម្លើយអ្នកពាក់ព័ន្ធដែលឃាត់ខ្លួនបាន៕