ក្មេងស្រីបំពាក់គ្រាប់បែកអត្តឃាត២នាក់សម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ក្នុងទីក្រុង Maiduguri ប្រទេសនីហ្សេរីយ៉ា

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៦

អ្នកនាំពាក្យរបស់ភ្នាក់ងារសង្គ្រោះបន្ទាន់ NEMA របស់លោក Sani Datti បាននិយាយថាក្មេងស្រី២នាក់ដែលបំពាក់គ្រាប់បែកធ្វើអត្តឃាតបានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ និងបង្ករការរបួសដល់មនុស្ស១៧នាក់ផ្សេងទៀតនៅក្នុងផ្សារមួយក្នុងទីក្រុង Maiduguri នៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ អ្នកស្រុករស់នៅតំបន់នេះនិយាយថាមានមនុស្ស៩ នាក់ហើយដែលស្លាប់។ ក្រុមបូកូហារ៉ាមកាន់សាសនាអ៊ីស្លាមបានបង្ករការរំខានអស់រយៈពេល៧ឆ្នាំក្នុងតំបន់នេះដើម្បីព្យាយាមបង្កើតនូវរដ្ឋអ៊ីស្លាមមួយ។ ក្រុមជីហាដតែងតែផ្តោតជាញឹកញាប់ទៅលើតំបន់ដែលមានមនុស្សច្រើនដូចជាទីកន្លែងគោរពបូជា ផ្សារ និងជំរុំនៃជនភៀសខ្លួនក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើននៅទូទាំងភាគឦសាននៃប្រទេសនីហ្សេរីយ៉ា និងប្រទេសជិតខាងដូចជាប្រទេសកាមេរូន (Cameroon) និងនីហ្សេរី (Niger) ជាដើម។ ពួកគេបានសម្លាប់មនុស្សប្រមាណជា១៥,០០០នាក់ និងបានបង្ខំឱ្យមនុស្សជាង២លាននាក់ចាកចេញពីផ្ទះរបស់ពួកគេ។ កងទ័ពនៃប្រទេសនីហ្សេរីយ៉ាជំរុញឱ្យក្រុមសកម្មប្រយុទ្ធត្រឡប់ទៅកាន់បន្ទាយរបស់ខ្លួនវិញនៅក្នុងព្រៃធំល្វឹងល្វើយ Sambisa ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប៉ុន្តែក្រុមនេះនៅតែបង្ករឲ្យមានការបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតដដែល៕