ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៦
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានបញ្ជាក់ថាប៉ូលិសចិនបានបាញ់សម្លាប់មនុស្សចំនួន៤នាក់ដែលរងការចោទប្រកាន់ថាបានវាយប្រហារទៅលើការិយាល័យរបស់បក្សកុម្មុយនីស្ត (Communist Party) ក្នុងទីក្រុងស៊ីនជាំងកាលពីថ្ងៃពុធម្សិលមិញនេះ។ មនុស្សទាំង៤នាក់នេះបានបើករថយន្តសំដៅទៅកាន់ការិយាល័យគណបក្សនៅក្នុងតំបន់ Moyu County ហើយបំផ្ទុះគ្រាប់បែកដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស៣នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមការបញ្ជាក់នៃសារព័ត៌មានស៊ីនហួរ។ បន្ទាប់មកជនទាំង៤នាក់នេះត្រូវប៉ូលិសចិនបាញ់សម្លាប់ ប៉ុន្តែវាមិនមានការបញ្ជាក់ណាមួយថាអ្នកទាំង៤នាក់នេះត្រូវបាញ់សម្លាប់នៅកន្លែងណា ឬពេលណានោះទេកក្រោយពេលចប់ការវាយប្រហារ។ គួរបញ្ជាក់ផងដែរថាកាលពីខែមីនា ឆ្នាំ២០១៤ មនុស្ស៣១នាក់ត្រូវគេចាក់សម្លាប់ដោយកាំបិតនៅលើស្ថានីយ៍រថភ្លើងមួយនៅក្នុងទីក្រុង Kunming ភាគនិរតីប្រទេសចិនដែលពេលនោះក្រុមអ្នកវាយប្រហារ៤នាក់ក៏ត្រូវគេសម្លាប់ផងដែរ។ រយៈពេល២ខែក្រោយមក មានមនុស្ស៣៩នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារបង្ហូរឈាមនៅក្នុងផ្សារមួយក្នុងទីក្រុង Urumqi ដែលជារាជធានីរបស់ទីក្រុងស៊ីនជាំង។ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ ប៉ូលិសបានសម្លាប់មនុស្ស២៨នាក់ដែលជាសមាជិករបស់ក្រុមភេរវករក្នុងបេសកកម្មតាមប្រម៉ាញ់រយៈពេល៥៦ថ្ងៃក្រោយពីមានការវាយប្រហារមួយកើតឡើង២ខែមុននៅក្នុងទីក្រុង Aksu ដែលបណ្តាលឱ្យមនុស្ស១៦នាក់ស្លាប់៕