ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៧
សារព័ត៌មានផ្សព្វផ្សាយរបស់រដ្ឋបញ្ជាក់ថាមន្ត្រីជាន់ខ្ពស់ម្នាក់របស់ប្រទេសចិនបានបាញ់ចៅហ្វាយក្រុង និងលេខាធិការក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលមួយកាលពីថ្ងៃពុធនេះ បន្ទាប់មកគាត់បាញ់សម្លាប់ខ្លួនឯង។ មន្ត្រីជាន់ខ្ពស់រូបនេះមានឈ្មោះថាលោក Chen Zhongshu ដែលមានអាយុ៥៤ឆ្នាំជាលេខាធិការធ្វើការនៅក្នុងការិយាល័យក្នុងទីក្រុង Panzhihua ដែលជាទីក្រុងមានប្រជាជនសរុប១,២លាននាក់ភាគនិរតីនៃទីក្រុង Sichuan នេះបើយោងតាមការលើកឡើងពីទីភ្នាក់ងារស៊ីនហួរ។ ការបាញ់ប្រហារនេះបានកើតឡើងនៅក្នុងពេលនៃកិច្ចប្រជុំគណៈកម្មាធិការបក្សក្រុង និងកម្មាភិបាលជាន់ខ្ពស់របស់រដ្ឋាភិបាលនៅក្នុងមជ្ឈមណ្ឌលតាំងពិព័រណ៌ក្នុងទីក្រុង Panzhihua។ ខ្មាន់កាំភ្លើងបានបាញ់ប្រហារជាច្រើនគ្រាប់ដែលបង្ករឲ្យរងរបួសដល់ប្រធានបក្សលោក Zhang Yan និងចៅហ្វាយក្រុងលោក Li Jiangin មុនពេលដែលខ្មាន់កាំភ្លើងនេះរត់គេចខ្លួន។ សារព័ត៌មានស៊ីនហួររាយការណ៍បន្ថែមថាវានៅមិនទាន់មានសេចក្តីលម្អិតជុំវិញមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ។ បុរសទាំង២នាក់ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែរបួសរបស់ពួកគេមិនទាន់គំរាមកំហែងដល់អាយុជីវិតនោះទេ។ ក្រោយពីការបាញ់ប្រហាររួចជនសង្ស័យនេះបានបាញ់សម្លាប់ខ្លួនឯងនៅលើជាន់ទី២ក្នុងអាគារនេះ។ គួរបញ្ជាក់ផងដែរថាការបាញ់ប្រហារដោយកាំភ្លើងគឺជាករណីដ៏កម្ររមួយនៅក្នុងប្រទេសចិន ហើយពលរដ្ឋធម្មតាគ្មានសិទ្ធិក្នុងការកាន់កាប់ប្រើប្រាស់កាំភ្លើងនោះទេ៕