ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៧
មន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រុមតាលីបង់បញ្ជាក់កាលពីថ្ងៃព្រហស្បិ៍ថាខ្លួនមិនបានស្ថិតនៅពីក្រោយការវាយប្រហារនៅភាគខាងត្បូងទីក្រុង Kandahar ដែលបានសម្លាប់អ្នកការទូត៥នាក់ រួមទាំងបង្ករការរបួសដល់ឯកអគ្គរដ្ឋទូតនៃប្រទេសអារ៉ាប់នោះទេ។ កាលពីសប្តាហ៍មុននេះ មន្ត្រីនៃប្រទេសអាហ្វហ្គានីស្ថានប្រមាណជា១២នាក់រួមទាំងមន្រ្តីបរទេសជាច្រើននាក់ទៀតត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកមួយដែលបង្កប់នៅកន្លែងស្នាក់នៅរបស់អភិបាលខេត្ត Kandahar ហើយអាជ្ញារធរបានចោទប្រកាន់ថារឿងនេះជាការបង្ករហេតុរបស់ក្រុមតាលីបង់ និងក្រុមស៊ើបការសម្ងាត់របស់ប្រទេសប៉ាគីស្ថាន។ យ៉ាងណាមិញក្រុមតាលីបង់បានបដិសេធមិនទទួលខុសត្រូវលើការវាយប្រហារនេះទេ ហើយក្រុមនេះបានចោទទៅកាន់រដ្ឋាភិបាលថាកំពុងតែបំផ្លាញទំនាក់ទំនងមិត្តភាពរបស់ក្រុមឧទ្ទាម និងរដ្ឋាភិបាលប្រទេសអារ៉ាប់។ ការវាយប្រហារលើកនេះនៅមិនទាន់មានការអះអាងទទួលខុសត្រូវពីក្រុមណាមួយនៅឡើយទេ។ បើទោះបីជាក្រុមឧទ្ទាមតែងតែកំណត់គោលដៅវាយប្រហារជាញឹកញាប់ទៅលើមន្ត្រីរដ្ឋាភិបាលប្រទេសអាហ្វហ្គានីស្ថានក្តី ក្រុមតាលីបង់ក៏មានទំនាក់ទំនងយ៉ាងល្អជាមួយនឹងជនជាតិមូលអ៊ីស្លាមដែលរស់នៅក្នុងប្រទេសមួយនេះផងដែរ៕