ប្រភពព័ត៌មានពី NEWSER ចេញផ្សាយថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៧
កាលពីព្រឹកថ្ងៃអាទិត្យ បុរសជាឪពុកម្នាក់នៅក្នុងរដ្ឋ Bavaria រន្ធត់យ៉ាងខ្លាំងដោយរកឃើញសាកសពក្មេងជំទង់៦នាក់រួមទាំងកូនប្រុស និងកូនស្រីរបស់លោកនៅក្នុងឃ្លាំងដាក់ឥវ៉ាន់មួយ។ ប៉ូលិសបានឲ្យដឹងថាគ្មានសញ្ញានៃអំពើហិង្សានោះទេ។ យុវជនទាំងអស់មានអាយុប្រមាណជា១៨ ឬ ១៩ឆ្នាំ។ តាមការសន្និដ្ឋានដំបូងបានឲ្យដឹងថាអាចដោយសារពួកគេប្រើប្រាស់ជាតិអាភៀនច្រើនពេក ប៉ុន្តែក្រោយមកក្រុមអ្នកស៊ើបអង្កេតសង្ស័យថាពួកគេពុលសារធាតុកាបូនម៉ូណូអុកស៊ីតដែលបណ្តាលឱ្យពួកគេស្លាប់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Deutsche Welle។ ប៉ូលិសបានឲ្យដឹងទៀតថាក្មេងៗជំទង់នេះបានប្រើចង្ក្រានដុតឈើនៅក្នុងឃ្លាំងដាក់ឥវ៉ាន់។ សារព័ត៌មាន BBC បានឲ្យដឹងថាប្រភពពីសាក្សីដែលរស់នៅជិតផ្ទះប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថាក្រុមក្មេងជំទង់បានប្រារព្ធពិធីខួបកំណើតលើកទី១៨របស់កូនស្រី។ ខណៈដែលគេរំពឹងថាសារធាតុកាបូនម៉ូណូអុកស៊ីតដែលបំពុលឲ្យពួកគេស្លាប់គឺនៅរងចាំមើលលទ្ធផលពិនិត្យសាកសពនឹងមកដល់នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត នេះបើយោតតាមសារព័ត៌មាន MDR៕