ប្រទេសភូមាចាប់ខ្លួនបានជនសង្ស័យទី២ពាក់ព័ន្ធនឹងឃាតកម្មបាញ់សម្លាប់មេធាវីជនជាតិមូស្លីម

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៧

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថាជនសង្ស័យទី២ត្រូវចាប់ខ្លួនពីបទអំពើឃាតកម្មទៅលើមេធាវីជនជាតិមូស្លីមនៅក្នុងប្រទេសភូមាដែលការសម្លាប់នេះបានបង្ករឲ្យមានភាបភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងប្រទេសកាន់សាសនាព្រះពុទ្ធមួយនេះ។ លោក Ko Ni អាយុ៦៣ឆ្នាំដែលជាទីប្រឹក្សាផ្ទាល់របស់លោកស្រី Aung San Suu Kyi ប្រធានគណបក្សជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវធ្វើឃាតដោយបាញ់សម្លាប់ចំក្បាលនៅខាងក្រៅព្រលានយន្តហោះ Yangon កាលពីថ្ងៃអាទិត្យមុនខណៈដែលគាត់កំពុងកាន់ចៅប្រុស រង់ចាំឡានតាក់ស៊ី។ អ្នកបើកបររថយន្តតាក់ស៊ីដែលព្យាយាមធ្វើអន្តរាគមន៍ក៏ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ផងដែរ។ ក្រោយមកខ្មាន់កាំភ្លើងដែលមានអាយុ៥៣ឆ្នាំឈ្មោះ Kyi Lin ត្រូវចាប់ខ្លួនបាន។ ប៉ូលិសនៅមិនទាន់បញ្ជាក់អំពីមូលហេតុនៃការបាញ់សម្លាប់លោក Ko Ni ដែលតែងតែប្រឆាំងទៅនឹងបញ្ហាសាសនា និងការរិះគន់ទៅលើការក្តាប់អំណាចរបស់កងទ័ពនៅភូមានៅឡើយទេ។ ការសម្លាប់អ្នកនយោបាយនេះត្រូវបានគណបក្ស NLD កាន់អំណាចហៅថាជាអំពើភេរវកម្មប្រឆាំងទៅនឹងគោលនយោបាយរបស់ខ្លួន។ ជនសង្ស័យទី២នេះត្រូវចាប់ខ្លួនបានក្នុងរយៈពេលប្រមាណជា១២ម៉ោងបន្ទាប់ពីការបាញ់ប្រហារនេះកើតឡើង។ ការសម្លាប់អ្នកនយោបាយកម្រកើតមានឡើងណាស់នៅក្នុងទីក្រុង Yangon ហើយការសម្លាប់លោក Ko Ni អាចបង្ករនូវបញ្ហាភ័យខ្លាចនៅក្នុងសហគមន៍ជនជាតិភាគតិចម៉ូស្លីមនៅក្នុងប្រទេសភូមា និងការដឹកនាំរបស់រដ្ឋាភិបាលរបស់គណបក្សកាន់អំណាច NLD៕